នគរបាលប្រទេសកាណាដា កាលពីថ្ងៃសុក្រ បានចាប់ខ្លួន និងចោទប្រកាន់បុរសជនជាតិឥណ្ឌា ៣ នាក់ ពីបទឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក លោក Hardeep Singh Nijjar កាលពីឆ្នាំមុន និងបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតថាតើបុរសទាំងបីនាក់នេះ មានទំនាក់ទំនងជាមួយរដ្ឋាភិបាលឥណ្ឌាដែរ ឬទេ។
លោក Nijjar អាយុ ៤៥ឆ្នាំ ត្រូវបានបាញ់សម្លាប់កាលពីខែមិថុនា នៅខាងក្រៅវិហ៊ាសាសនាស៊ីក( Sikh) ក្នុងតំបន់ Surrey ជាយក្រុង Vancouver ដែលមានប្រជាជនកាន់សាសនាស៊ីកភាគច្រើន។ ប៉ុន្មានខែកន្លងទៅនេះ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានលើកឡើងពីភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌា ដែលជំរុញឱ្យមានវិបត្តិផ្នែកការទូត ជាមួយទីក្រុង New Delhi ប្រទេសឥណ្ឌា។
នគរបាល បាននិយាយថា រឿងរ៉ាវនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ បុរសទាំង៣នាក់នេះ មានឈ្មោះ ការ៉ានប្រ៊ីត ស៊ីង(Karanpreet Singh) អាយុ២៨ឆ្នាំ លោក កាំប៉ាល់ប្រ៊ីត ស៊ីង(Kamalpreet Singh) អាយុ២២ឆ្នាំ និង លោក ការ៉ាន ប្រា(Karan Brar) អាយុ២២ឆ្នាំ ។
លោក Mandeep Mooker ស្នងការនគរបាល បាននិយាយក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា យើងកំពុងស៊ើបអង្កេតពីទំនាក់ទំនងរបស់ពួកគេ ចំពោះការជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលឥណ្ឌា។
វត្តមានរបស់ក្រុមផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា បានធ្វើឱ្យទីក្រុង New Delhi មានការខកចិត្តជាយូរមកហើយ ដែលបានចាត់ទុកលោក Nijjar ថាជា «ភេរវករ»។
កាលពីសប្តាហ៍មុន សេតវិមានបានសម្តែងការព្រួយបារម្ភអំពីតួនាទីដែលបានរាយការណ៍របស់អង្គភាពសេវាស៊ើបការណ៍សម្ងាត់ឥណ្ឌា ក្នុងផែនការធ្វើឃាតនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក។ នគរបាលកាណាដា បាននិយាយថា ពួកគេបានធ្វើការជាមួយទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។ បុរសទាំងបីនាក់ ជាជនជាតិឥណ្ឌា ត្រូវបានចាប់ខ្លួននៅទីក្រុង អ៊ីដម៉ុនតុន(Edmonton) ក្នុងរដ្ឋអាល់ប៊ឺតា( Alberta) កាលពីថ្ងៃសុក្រដោយគ្មានឧបទ្ទវហេតុអ្វីកើតឡើងឡើយ។

