អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃសុក្រថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហាររដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣៩នាក់ស្លាប់ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សរាប់សិបនាក់ទៀត នៅបាត់ខ្លួននៅឡើយ។
យោងតាមអង្គភាពការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul បានឲ្យដឹងថា មនុស្សជាង៧០នាក់ នៅតែបាត់ខ្លួន ហើយយ៉ាងហោចណាស់ប្រជាជន ១៧.០០០នាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងរដ្ឋជាប់ព្រំដែនជាមួយប្រទេសអ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីន ដែលជិតពាក់កណ្តាលនៃទីក្រុងចំនួន ៤៩៧ របស់ប្រទេស បានរងផលប៉ះពាល់។
នៅទីក្រុងមួយចំនួន ផ្លូវសំខាន់ៗបានប្រែក្លាយទៅជាទន្លេ ហើយផ្លូវ និងស្ពានត្រូវបានបំផ្លាញ។ ព្យុះភ្លៀង ក៏បានបង្កឱ្យមានបំណាក់ដី និងការបាក់ដោយផ្នែកនៃរចនាសម្ព័ន្ធទំនប់នៅរោងចក្រវារីអគ្គិសនីតូចមួយ។
អាជ្ញាធរបាននិយាយថា ទំនប់ចំនួនទីពីរនៅក្នុងទីក្រុង បេនតូ ហ្គុនកាល់(Bento Goncalves) ក៏ប្រឈមនឹងហានិភ័យនៃការបាក់ធ្លាយផងដែរ ដោយបានបញ្ជាឱ្យប្រជាជនដែលរស់នៅក្បែរនោះជម្លៀសខ្លួនចេញ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើដំណើរទៅកាន់រដ្ឋ Rio Grande do Sul កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យមើលទីតាំងដែលរងផលប៉ះពាល់ និងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជាមួយអភិបាលរដ្ឋ។

