បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹងនូវវិធានការបិទខ្ទប់តាមបណ្ដាលច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១ខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលក្នុងការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករធ្វើការនៅប្រទេសថៃសូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា ចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលកម្ពុជាយើង ។ ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លី ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើងនិងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវី-១៩ក្នុងដំណាក់កាលនេះ ៕





