នៅមុនពេលការចាប់ផ្តើម ការចែកសញ្ញាប័ត្ររបស់សាកលវិទ្យាល័យ Michigan នៅថ្ងៃសៅរ៍នេះ សាលាបានបណ្តុះបណ្តាលបុគ្គលិកស្ម័គ្រចិត្ត អំពីរបៀបកាត់បន្ថយការរំខាន។
មនុស្សគ្រប់គ្នា ដែលសម្របសម្រួលការចែកសញ្ញាប័ត្រនៅសាកលវិទ្យាល័យ Illinois នៅចុងសប្តាហ៍នេះក៏នឹងបានទទួលការបណ្តុះបណ្តាលពិសេសស្រដៀងគ្នានេះដែរ។ នៅតាមសាលារៀននានាដូចជានៅសាកលវិទ្យាល័យ Southern California និង Cal Poly Humboldt នៅភាគខាងជើងរដ្ឋកាលីនីហ្វ័រញ៉ា អ្នកដឹកនាំបានលុបចោល ឬផ្លាស់ប្តូរព្រឹត្តិការណ៍សំខាន់ៗ ចេញពីបរិវេណសាលា។
អ្វីដែលជាធម្មតានៃពិធីដ៏រីករាយ ដែលនិស្សិតមានពាក់អាវទទួលសញ្ញាប័ត្រឆ្លងកាត់ឆាកដើម្បីមកទទួលសញ្ញាប័ត្រ នឹងមានអារម្មណ៍ខុសប្លែក ក្នុងខែនេះនៅតាមសាកលវិទ្យាល័យជាច្រើន ដែលការតវ៉ាគាំទ្រប៉ាឡេស្ទីន និងការបង្ក្រាបរបស់នគរបាល បានបង្អាក់ដល់ថ្ងៃចុងក្រោយនៃឆ្នាំសិក្សា។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និស្សិតនៅទូទាំងសហរដ្ឋអាមេរិកបានមកប្រមូលផ្តុំគ្នា ឬបង្កើតតង់ នៅតាមសាកលវិទ្យាល័យ ដើម្បីតវ៉ាប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ក្រុមបាតុករបានអំពាវនាវឱ្យប្រធានាធិបតី លោក Joe Biden ដែលបានគាំទ្រអ៊ីស្រាអែល ឱ្យធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល។
អ្នកដឹកនាំសាកលវិទ្យាល័យមួយចំនួន បានហៅនគរបាលបង្ក្រាបកុបកម្មដែលមានកាន់ដំបង និងគ្រាប់បែកបំភ័នឲ្យចូលមកបរិវេណសាលា និងបានចាប់ខ្លួនក្រុមបាតុកររាប់រយនាក់ ដោយលើកឡើងពីតម្រូវការសំខាន់ៗសម្រាប់សុវត្ថិភាពក្នុងបរិវេណសាកលវិទ្យាល័យ ទោះបីក្រុមសិទ្ធិមនុស្ស បានរិះគន់យុទ្ធសាស្ត្របែបនេះថា ជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិដោយហឹង្សាក៏ដោយ។
នៅសាកលវិទ្យាល័យ Columbia ចំណុចកណ្តាលនៃចលនាតវ៉ារបស់និស្សិត ជាកន្លែងដែលនគរបាលក្រុងញូវយ៉ក បានបោសសម្អាតការបោះជំរំរយៈពេលពីរសប្តាហ៍ ដោយបានចាប់ខ្លួនបាតុកររាប់សិបនាក់កាលពីថ្ងៃអង្គារ។

