ប្រទេសទួរគី បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងមិនបន្តពាណិជ្ជកម្មជាមួយប្រទេសអ៊ីស្រាអែលដែលមានតម្លៃ៧ពាន់លានដុល្លារក្នុងមួយឆ្នាំនោះទេ រហូតដល់មានបទឈប់បាញ់អចិន្រ្តៃយ៍ និងជំនួយមនុស្សធម៌ត្រូវបានធានា នៅក្នុងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Omer Bolat បាននិយាយថា អាកប្បកិរិយាមិនសម្របសម្រួលរបស់អ៊ីស្រាអែល និងស្ថានភាពកាន់តែអាក្រក់នៅក្នុងទីក្រុង Rafah តំបន់ហ្កាហ្សា ជាទីជម្រកសម្រាប់ជនភៀសខ្លួនដែលអ៊ីស្រាអែលបានគម្រាមវាយលុកចូល ជំរុញឱ្យទីក្រុងអង់ការ៉ា ប្រទេសទួរគី បញ្ឈប់ការនាំចេញ និងនាំចូលទាំងអស់។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ចំណាត់ការរបស់ប្រធានាធិបតីទួរគី លោក Tayyip Erdogan ដែលបានអនុម័ត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយនិយាយថា វាបានបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ និងជារបៀបដែលជនផ្តាច់ការប្រព្រឹត្ត។ ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានសរសើរចំពោះការសម្រេចចិត្តនេះថាជាភាពក្លាហាន និងគាំទ្រសិទ្ធិប៉ាឡេស្ទីន។ វាជាជំហានដ៏រឹងមាំបំផុតរបស់ទីក្រុងអង់ការ៉ា បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងជាច្រើនខែនៃយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដែលបានបំផ្លាញដល់តំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីនមានប្រជាជនរស់នៅច្រើន។
លោក Erdogan បាននិយាយថា ប្រទេសទួរគី ពុំអាចនៅស្ងៀមនៅក្នុងការប្រឈមមុខទៅនឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លើប្រជាជនប៉ាឡេស្ទីនដែលគ្មានការការពារនោះទេ។ អ៊ីស្រាអែល និយាយថា ខ្លួនកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដែលកំពុងលាក់ខ្លួនក្នុងតំបន់លំនៅឋានប្រជាជន។ លោក Erdogan បានប្រាប់ពាណិជ្ជករទួរគីថា ទីក្រុងអង់ការ៉ា នឹងគ្រប់គ្រងបញ្ហាដែលកើតចេញពីការសម្រេចចិត្តនេះ ក្នុងការសម្របសម្រួល និងកិច្ចសន្ទនាជាមួយពិភពធុរកិច្ចរបស់ខ្លួន ហើយលោកជឿថានេះនឹងធ្វើជាគំរូសម្រាប់ប្រទេសផ្សេងទៀតដែលមិនពេញចិត្តជាមួយស្ថានភាពបច្ចុប្បន្ន។
កាលពីខែមុន ប្រទេសទួរគី បានទប់ស្កាត់ការនាំចេញដែកថែប ជី និងឥន្ធនៈយន្តហោះ ក្នុងចំណោមផលិតផលចំនួន៥៤ប្រភេទ ជាអ្វីដែលខ្លួនបាននិយាយថា ជាការបដិសេធរបស់អ៊ីស្រាអែល ក្នុងការអនុញ្ញាតឱ្យទីក្រុងអង់ការ៉ា ចូលរួមក្នុងប្រតិបត្តិការទម្លាក់ជំនួយតាមយន្តហោះសម្រាប់តំបន់ហ្កាហ្សា។

