កងជីវពលក្រុមហួរទី មានសម្ព័ន្ធភាពជាមួយប្រទេសយេម៉ែន ដែលបានរារាំងការដឹកជញ្ជូនទំនិញជាសាកល ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេសម្រាប់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងជម្លោះតំបន់ហ្កាហ្សា ពេលនេះ កំពុងផ្តល់កន្លែងសម្រាប់និស្សិតដែលត្រូវបានព្យួរពីសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក បន្ទាប់ពីធ្វើបាតុកម្មប្រឆាំងអ៊ីស្រាអែល។
និស្សិត បានមកប្រមូលផ្តុំគ្នា ឬបង្កើតតង់នៅតាមបរិវេណសាកលវិទ្យាល័យរាប់សិបកន្លែងក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីតវ៉ាប្រឆាំងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលបច្ចុប្បន្ននេះ បានចូលដល់ខែទីប្រាំពីរ។ ក្រុមបាតុករ បានអំពាវនាវដល់ ប្រធានាធិបតី លោក Joe Biden ដែលបានគាំទ្រសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ឱ្យធ្វើការបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងទាមទារឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុនដែលគាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល។
មន្ត្រីនៅសាកលវិទ្យាល័យ Sanaa ដែលគ្រប់គ្រងដោយក្រុមហួរទី បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេនឹងតស៊ូជាមួយប៉ាឡេស្ទីន តាមគ្រប់មធ្យោបាយដែលយើងអាចធ្វើទៅបាន។ សាកលវិទ្យាល័យSanaa បានចេញសេចក្តីថ្លែងការណ៍ សាទរចំពោះជំហរ «មនុស្សធម៌» របស់និស្សិតនៅសហរដ្ឋអាមេរិក និងបាននិយាយថា ពួកគេអាចបន្តការសិក្សារបស់ពួកគេនៅក្នុងប្រទេសយេម៉ែន។
ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប្រឹក្សាភិបាល បានថ្កោលទោសចំពោះអ្វីដែលអ្នកសិក្សា និងនិស្សិតនៃសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងអឺរ៉ុប កំពុងទទួលរងការដាក់សម្ពាធលើសេរីភាពនៃការបញ្ចេញមតិ។
ការផ្តល់ឲ្យរបស់ក្រុមហួរទី នៃការអប់រំសម្រាប់និស្សិតអាមេរិក បានបង្កឱ្យមានរលកនៃការចំអកដោយប្រជាជនសាម័ញ្ញយេម៉ែន នៅលើបណ្តាញផ្សព្វផ្សាយសង្គម។ អ្នកប្រើបណ្តាញផ្សព្វផ្សាយសង្គមម្នាក់បានបង្ហោះរូបថត ជនជាតិលោកខាងលិចពីរនាក់នៅយេម៉ែន កំពុងទំពារស្លឹកកាតមានសារធាតុញៀន ដែលពួកគេបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសយេម៉ែន។ នៅក្នុងសារ បានរៀបរាប់ពីទិដ្ឋភាពថាជានិស្សិតអាមេរិកក្នុងឆ្នាំទី ៥ របស់ពួកគេ នៅសាកលវិទ្យាល័យ Sanaa។

