ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្តរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។
ឆ្លៀតក្នុងឱកាសដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងឧបករណ៍តេស្តរហ័ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស គឺជាវ៉ាក់សាំងកូវីដ-១៩ បញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ បានមកដល់នាព្រឹកនេះ មិនមែនអស់ត្រឹមថ្ងៃនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនដល់កុមារ។
ជាពិសេសនៅកម្មវិធីស្អែកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះកម្ពុជា នឹងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជាបន្តបន្ទាប់។
ដោយឡែកវ៉ាក់សាំងអាស្រ្តាហ្សេនីកា ក៏ដូចជាវ៉ាក់សាំង ចនសុន-ចនសុន ដែលកម្ពុជា បានទទួលនោះ យើងបានរៀបចំផែនការពង្រាយនៅតាមបណ្តាខេត្ត ទន្ទឹមនឹងនោះ សម្រាប់វ៉ាក់សាំងចនសុន-ចនសុន គឺគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានពង្រាយទៅកាន់ខេត្តទាំង០៩ នៅជាប់ព្រំដែន។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាថ្ងៃស្អែកនោះ យើងមិនខ្វះនៅវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារ និងយុវវ័យនោះឡើយ យើងមានវ៉ាក់សាំងគ្រប់គ្រាន់នៅក្នុងដៃ។ ហើយសម្តេចតេជោ លោកបានបញ្ជាក់ច្បាស់ហើយថា វ៉ាក់សាំងកូវីដ-១៩ ជាវ៉ាក់សាំងយុទ្ធសាស្រ្តដែលកម្ពុជា បញ្ជាទិញពីសាធារណរដ្ឋប្រជាមានិត ចិន។ ក្រៅពីនោះកម្ពុជា នៅមានវ៉ាក់សាំងគាំទ្រជាច្រើនទៀត ពីខាងកូវ៉ាក់ ដែលកម្ពុជា នឹងទទួលជាបន្តបន្ទាប់។ វ៉ាក់សាំងសម្រាប់កម្ពុជា គឺមិនខ្វះនោះទេ គឺយើងមានផែនការច្បាស់លាស់។
នៅចំពោះមុខ អ្វីដែលកម្ពុជា បានបញ្ជាទិញរួចហើយ និងទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ជាបន្តបន្ទាប់ទៀត សរុបមានចំនួនជាង២៦លានដូស ដែលយើងត្រូវទទួលរហូតដល់ពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់អង់គ្លេស បើមិនមានការប្រែប្រួលនោះទេ នឹងដឹកមកដល់កម្ពុជា ចន្លោះពីថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២១ នាសប្តាហ៍ក្រោយនេះ ហើយនៅមានប្រទេសអូស្រ្តាលី ដែលបានគាំទ្រក្នុងការផ្តល់វ៉ាក់សាំងជូនកម្ពុជាផងដែរ៕
អត្ថបទ រដ្ឋា



