អ្នកនាំពាក្យយោធាលោក Yahya Sarea បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ួទីនៅប្រទេសយេម៉ែន នឹងកំណត់គោលដៅនាវាដែលធ្វើដំណើរទៅកាន់កំពង់ផែនានារបស់អ៊ីស្រាអែល នៅក្នុងតំបន់ណាមួយ ដែលស្ថិតនៅក្នុងគោលដៅរបស់ពួកគេ ។
លោកបាននិយាយថា៖«យើងនឹងកំណត់គោលដៅនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រា អែល នៅសមុទ្រមេឌីទែរ៉ាណេ នៅក្នុងតំបន់ណាមួយ ដែលយើងអាចទៅដល់»។
ក្រុមសកម្មប្រយុទ្ធហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូន និងមី ស៊ីល ម្តងហើយម្តងទៀតលើនាវានៅក្នុងបណ្តាញដឹកជញ្ជូនសំខាន់ៗនៃសមុទ្រក្រហម ឆ្លងកាត់តាមច្រក Bab al-Mandab និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកា ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះប៉ាឡេស្ទីនក្នុងសង្គ្រាមហ្កាហ្សា។
បញ្ហានេះ បានបង្ខំឲ្យក្រុមអ្នកដឹកជញ្ជូន ផ្លាស់ប្តូរត្រូវបញ្ជូនទំនិញទៅរកការធ្វើដំណើរដ៏វែងឆ្ងាយ និងថ្លៃជាងនៅជុំវិញទ្វីបអាហ្វ្រិកខាងត្បូង ហើយបានបង្កឲ្យមានការភ័យខ្លាចថា សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសអាចរីករាលដាល និងអស្ថិរភាព នៅមជ្ឈិមបូព៌ា។

