ភ្នំពេញ ៖ ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ លើកទី១ បានបន្តមកដល់ថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ការប្រឡងក្នុងថ្ងៃទី៣នេះ រៀបចំធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា គឺនៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី០៤ខែឧសភានេះ បានអញ្ជើញបើកវិញ្ញាសាសរសេរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងប្រជែងប្រព្រឹត្តិទៅចំនួន ២វេន ដោយវេនទី១ ចាប់ពីម៉ោង១២ ដល់ ម៉ោង២រសៀល និងវេនទី២ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៦ល្ងាច លើមុខវិជ្ជាឯកទេស ជីវវិទ្យា, ជីវវិទ្យា-ផែនដីវិទ្យា, និងគណិតវិទ្យា-រូបវិទ្យា។
ក្នុងឱកាសអញ្ជើញចូលរួមកាត់វិញ្ញាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការប្រឡងនេះ គ្មានការបែកធ្លាយវិញ្ញាសានោះទេ ព្រោះវិញ្ញាសាតាក់តែងភ្លាមៗនៅពេលព្រឹក បន្ទាប់មកថតចម្លងចែកជូនបេក្ខជនភ្លាមៗក្នុងថ្ងៃតែមួយ។ ការប្រឡងគោរពទៅតាមគោលការណ៍ គុណណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
លោក អាត វឌ្ឍនា អនុគណៈកម្មការថែរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខក្នុងមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងដែរថា ក្នុងរយៈពេលប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ គឺប្រព្រឹត្តិទៅដោយរលូន គ្មានអំពើអសន្តិសុខអ្វីមួយកើតឡើងគួរឱ្យកត់សំគាល់នោះទេ។ ហើយក្រុមការងារនៅតែបង្កើនការយកចិត្តទុកចំពោះសន្តិសុខ សណ្តាប់ធ្នាប់។ ជាមួយគ្នានេះ អ្នកសង្កេតការការប្រឡង បានឱ្យដឹងដែរថា ដំណើរការប្រឡងក្នុងថ្ងៃទី៣នេះ ប្រព្រឹត្តិទៅតាមគោលការណ៍ដែលបានកំណត់ និងគ្មានការបែកវិញ្ញាសារ។
អាណាព្យាបាលដែលបានកូនៗ មកប្រឡង ជឿកជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យនាពេលនេះ គឺធ្វើឡើងដោយតម្លាភាព យុត្តិភាព និងគ្មានអំពើពុករលួយ ដូច្នេះទើបពួកគេ បានជំរុញលើកទឹកចិត្តដល់កូនៗមកចូលរួមប្រឡងបែបនេះ។ ម្យ៉ាងវិញទៀតកូនៗរបស់ពួកគេ ក៍ស្រឡាញ់អាជីពជាគ្រូបង្រៀននេះផងដែរ។
គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសគ្រូងបង្រៀនអនុវិទ្យាល័យ សម្រាប់បំរើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា មានការប្រឡងចំនួន២លើក ដោយកំណត់យកគ្រូបង្រៀននៅអនុវិទ្យាល័យចំនួន៤៤១នាក់ ខណៈបេក្ខជនដាក់ពាក្យប្រឡងមានជាង៣ម៉ឺននាក់។អត្ថបទ៖ ទូច សោភ័ណ








