ភ្នំពេញ ៖ សាកលវិទ្យាល័យចេនឡា បានរៀបចំកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក នៃសាកលវិទ្យាល័យចេនឡាជិត១០០នាក់ រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៤។
កម្មវិធីពិនិត្យសុខភាពដ៏មានសារៈសំខាន់នេះ អាចប្រព្រឹត្តទៅបានដោយមានកិច្ចសហការគ្នាយ៉ាងល្អ រវាងសាកលវិទ្យាល័យចេនឡា ជាមួយនឹងមន្ទីរពិសោធន៍វេជ្ជសាស្ត្រមេឡាថេត នៅកម្ពុជា ដែលជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រស្តង់ដា ដោយបានគោរពតាមគោលការណ៍SOPច្បាស់លាស់ ត្រឹមត្រូវ និងជាក់លាក់ប្រកបដោយគុណភាពខ្ពស់។ សម្រាប់កញ្ចប់ពិនិត្យសុខភាពខាងលើនេះរួមមានដូចជា៖ ការពិនិត្យមើលជំងឺគ្រាប់ឈាម និងជំងឺទាក់ទងនឹងសរីរាង្គបង្កើតគ្រាប់ឈាម(កង្វះគ្រាប់ឈាមក្រហម ជំងឺខ្សោយខួរឆ្អឹង ជំងឺមហារីកគ្រាប់ឈាម គ្រុនក្តៅដោយសារការឆ្លងមេរោគ វិភាគលើសមាសធាតុគ្រាប់ឈាមសទាំង៥), កម្រិតជាតិស្ករក្នុងឈាម និងកម្រិតជាតិខ្លាញ់ក្នុងឈាម, ពិនិត្យមើលមុខងារថ្លើម រកមើលជំងឺទាក់ទងនឹងថ្លើម (ជំងឺរលាកថ្លើមស្រួចស្រាវ និងរ៉ាំរ៉ៃ វិបត្តិមុខងារថ្លើម, វាយតម្លៃមុខងារតម្រងនោម រកមើលជំងឺតម្រងនោម, ពិនិត្យមើលកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម(ជំងឺGuot)និងពិនិត្យមើលសារធាតុញៀននៅក្នុងទឹកនោមដូចជា(MDMA, THC, MET, KET, MOP)។
លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡា បានលើកឡើងថា ការពិនិត្យសុខភាពជូនបុគ្គលិកជាប្រចាំនៅតាមស្ថាប័ន គ្រឹះស្ថាន ក្រុមហ៊ុន អង្គការនានា គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ នេះមិនមែនជាលើកទីមួយទេ ដែលសាកលវិទ្យាល័យចេនឡា បានរៀបចំធ្វើជាប្រចាំឆ្នាំ ជូនដល់សាស្រ្តាចារ្យ និងបុគ្គលិក ហើយការពិនិត្យសុខភាពនេះ គឺមានសារសំខាន់ដូចខាងក្រោម៖
១. ជួយឱ្យសាស្រ្តាចារ្យ និងបុគ្គលិកបានដឹងពីសុខភាពរបស់ពួកគាត់ ថាតើស្ថានភាពសុខភាពបែបណា? ឬស្ថានភាពជំងឺរបស់ពួកគាត់ស្ថិតនៅកម្រិតណា? ដើម្បីជួយឱ្យពួកគាត់ងាយស្រួលក្នុងការស្វែងរកមន្ទីរពេទ្យ ឬគ្រូពេទ្យព្យាបាល និងទប់ស្កាត់បានទាន់ពេលវេលា។
២. សាកលវិទ្យាល័យចេនឡា គឺប្រាកដណាស់ធ្វើការពិនិត្យសុខភាព ដើម្បីធានាបាននូវធនធានមនុស្សគ្រប់គ្រាន់ ប្រកបដោយគុណភាព និងនិរន្តរភាព ដែលមិនអាចធ្វើឱ្យប៉ះពាល់ដល់ផែនការយុទ្ធសាស្រ្តវែងឆ្ងាយរបស់សាកលវិទ្យាល័យនោះទេ ព្រោះផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ គឺចាត់ទុកធនធានមនុស្សជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមអភិវឌ្ឍសាកលវិទ្យាល័យចេនឡា។
៣. តាមរយៈការពិនិត្យសុខភាព ប្រាកដណាស់ក្រុមប្រឹក្សាភិបាល រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាកលវិទ្យាល័យចេនឡា អាចយល់ដឹងបានពីសុខភាពរបស់បុគ្គលិកខ្លួនឯង ដែលអាចឱ្យយើងស្វែងយល់បានថា តើទំហំការងារ? សម្ពាធការងារនៅក្នុងសាកលវិទ្យាល័យកម្រិតណា? ដើម្បីធ្វើឱ្យគ្រប់ថ្នាក់ដឹកនាំ ក៏ដូចជាក្រុមប្រឹក្សាភិបាល អាចកែប្រែរបៀបរបបការងារឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យបុគ្គលិកសាកលវិទ្យាល័យចេនឡា មិនត្រឹមតែទទួលបានប្រាក់ខែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវសុខភាពល្អប្រសើរ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងបម្រើសេវាដល់និស្សិតសាកលវិទ្យាល័យចេនឡា ឱ្យបានល្អបំផុត។ នៅពេលដែលសាកលវិទ្យាល័យចេនឡា បានរកឃើញពីស្ថានភាពសុខភាព ឬបញ្ហាសុខភាពរបស់សាស្ត្រាចារ្យ បុគ្គលិក គឺថ្នាក់ដឹកនាំអាចស្វែងរកវិធីសាស្រ្តសមស្របណាមួយ ដូចជា៖ ការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពបន្ថែមសម្រាប់សម្រួលដល់ការងារ ជៀសវាងមានការប៉ះពាល់ដល់គុណភាពបណ្តុះបណ្តាលរបស់សាកលវិទ្យាល័យចេនឡា។
លោកបណ្ឌិត អ៊ី លីម៉ា បានបញ្ជាក់ថា សរុបមកការពិនិត្យសុខភាពជាប្រចាំ វាពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងធំធេងមិនសម្រាប់តែសាស្រ្តាចារ្យ និងបុគ្គលិកប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ប្រយោជន៍យ៉ាងមហាសាលដល់សាកលវិទ្យាល័យចេនឡាតែម្តង។ ដូច្នេះហើយ ព្រោះថាសាកលវិទ្យាល័យចេនឡាបច្ចុប្បន្នគឺបាននិងកំពុងនាំមុខគេ នៅលើការបណ្តុះបណ្តាលទាំងចំនួន និងទាំងបរិមាណរបស់និស្សិតប្រកបដោយគុណភាព គឺប្រាកដណាស់ទាំងអស់នោះមិនអាចអវត្តមានពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិក ហើយប្រសិនបើមានថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក ដែលមានសុខភាពមិនល្អ មានជំងឺ នោះប្រាកដណាស់ វាអាចនឹងប៉ះពាល់ដល់គុណភាព ប្រសិទ្ធភាពការងារជាក់ជាមិនខាន។ ដូច្នេះហើយទើបសាកលវិទ្យាល័យចេនឡា តែងតែបានយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់នូវសេវាល្អៗដល់និស្សិត និងបុគ្គលិកនៃសាកលវិទ្យាល័យចេនឡាថែមទៀតផង គោលបំណងរួមនៃសាកលវិទ្យាល័យចេនឡា គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សពិតប្រាកដណាស់គឺជូនដល់ប្រទេសជាតិ និងនៅក្នុងតំបន់បណ្តាប្រទេសអាស៊ាន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅឆ្នាំសិក្សាថ្មីនេះ គឺជាលើកទីមួយហើយ ដែលសាកលវិទ្យាល័យយើងបានឈានមុខគេក្នុងការពិនិត្យសុខភាពដោយការធ្វើតេស្តរកសារធាតុញៀនជូនលោក លោកស្រី ដែលជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិកទាំងអស់។ សកម្មភាពខាងលើនេះ គឺជាការបន្តឆន្ទៈចូលរួមតាំងពីរាជរដ្ឋាភិបាលអាណត្តិមុន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី បាននិងកំពុងបន្តកុំឱ្យបញ្ហាគ្រឿងញៀនក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗនាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូលនាំទុក្ខដល់ប្រជាជនទូទៅ។ ការពិនិត្យស្វែងរកសារធាតុញៀននេះធ្វើតាមរយៈលក្ខណៈបច្ចេកទេសខ្ពស់ ហើយជាលទ្ធផលយើងទទួលបានដូចខាងក្រោមៈ
១. លទ្ធផលនៃការពិនិត្យតេស្តរកសារធាតុញៀន គឺមិនមាននរណាម្នាក់ផ្ទុកនូវសារធាតុញៀននោះទេ។
២. លទ្ធផលនៃការពិនិត្យសុខភាពទូទៅ៩៥% គឺសុខភាពល្អប្រសើរ ក្នុងនោះ៥%ប៉ុណ្ណោះមានបញ្ហាលើសជាតិខ្លាញ់ តិចតួច។ សរុបមកការពិនិត្យសុខភាពនេះយើងទទួលបាននូវការវាយតម្លៃថាថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងបុគ្គលិកមានសុខភាពល្អវិសេសវិសាល។
សូមបញ្ជាក់ផងដែរថា៖ សាកលវិទ្យាល័យចេនឡា គឺមានទស្សនៈវិស័យ មានគោលបំណងរួម មានផែនការយុទ្ធសាស្រ្ត និងផែនការអនុវត្តជាក់លាក់ត្រឹមត្រូវ ហើយក្នុងនោះគឺមានសូចនាករមួយច្បាស់លាស់ដើម្បីទ្រទ្រង់សាកលវិទ្យាល័យចេនឡា ឱ្យរីកចម្រើនបន្តមកដល់ថ្ងៃនេះ គឺប្រាកដណាស់ត្រូវយកសុខភាពរបស់បុគ្គលិកទាំងអស់ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសាកលវិទ្យាល័យចេនឡា៕
អត្ថបទ៖ រដ្ឋា

















