ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនកំពុងបញ្ជូនគណៈប្រតិភូទៅទីក្រុងគែរ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាប៉ុន្មានម៉ោង បន្ទាប់ពីប្រធានCIA របស់សហរដ្ឋអាមេរិក លោក William Burns បានមកដល់រដ្ឋធានីអេហ្ស៊ីប នេះបើយោងតាមប្រភពអេហ្ស៊ីប។
ប្រទេសអេហ្ស៊ីប រួមជាមួយនឹងកាតា និងសហរដ្ឋអាមេរិក បាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្រុះសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីសម្រេចកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅក្នុងជម្លោះដែលបានចាប់ផ្តើម កាលពីថ្ងៃទី៧ ខែតុលា។
ប្រភពសន្តិសុខអេហ្ស៊ីប បាននិយាយថា ក្រុមហាម៉ាស និងមន្ត្រីរបស់CIA នឹងជួបអ្នកសម្រុះសម្រួលអេហ្ស៊ីប នៅថ្ងៃសៅរ៍នេះ បើទោះបីជាវាមិនច្បាស់ថាតើពួកគេ នឹងជួបគ្នាដោយឡែក ឬរួមគ្នាក៏ដោយ។
ក្រុមហាម៉ាស បាននិយាយថា ប្រតិភូរបស់ខ្លួនកំពុងធ្វើដំណើរទៅកាន់ទីក្រុងគែរក្នុង «ស្មារតីវិជ្ជមាន» បន្ទាប់ពីបានសិក្សាសំណើចុងក្រោយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងប្តេជ្ញាថា នឹងធានាបាននូវកិច្ចព្រមព្រៀងមួយ នៅក្នុងវិធីមួយ ដែលបំពេញតាមការទាមទាររបស់ប៉ាឡេស្ទីន»។

