កងកម្លាំងអ៊ីស្រាអែល នៅថ្ងៃសៅរ៍ (ទី៤ ខែឧសភា)នេះ បានធ្វើការវាយឆ្មក់នៅក្នុងទីក្រុង Deir al-Ghusun ក្បែរទីក្រុងថុលខាម ( Tulkarm)ជុំវិញផ្ទះមួយ ហើយវាយកម្ទេចចោលវាមួយផ្នែក។
ការបាញ់គ្នាជាបន្តបន្ទាប់ អាចត្រូវបានឮនៅក្នុងតំបន់នេះ អំឡុងពេលប្រតិបត្តិការ ដែលបានចាប់ផ្តើមពេញមួយយប់ និងបន្តរហូតដល់ព្រឹក។
អំពើហឹង្សានៅតំបន់វេសបែង បានកើនឡើងរួចទៅហើយ មុនពេលសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមនៅក្នុងខែតុលា។ វាបានកើនឡើងបន្ថែមទៀតជាមួយនឹងការវាយឆ្មក់របស់អ៊ីស្រាអែលជាញឹកញាប់ ការវាយប្រហារតាមដងផ្លូវរបស់ប៉ាឡេស្ទីន និងការឈ្លានពានពី អ្នកតាំងលំនៅជនជាតិជ្វីហ្វ នៅក្នុងភូមិប៉ាឡេស្ទីន។
តំបន់វេសបែង និងតំបន់ហ្កាហ្សា ស្ថិតក្នុងចំណោមទឹកដីដែលប៉ាឡេស្ទីនស្វែងរករដ្ឋឯករាជ្យ។ កិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានបរាជ័យកាលពីមួយទសវត្សរ៍មុន។

