
បេសកជនរបស់កូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ បាននិយាយថា កិច្ចប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដើម្បីបង្កើតក្រុមថ្មីតាមដានការដាក់ទណ្ឌកម្មលើប្រទេសរបស់ខ្លួន នឹងមិនទទួលបានជោគជ័យនោះឡើយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។
ឯកអគ្គរដ្ឋទូត លោក Kim Song បានធ្វើអត្ថាធិប្បាយបែបនេះ ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមមួយដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានចេញក្នុងសប្តាហ៍នេះ ដោយអំពាវនាវឲ្យបន្តការងាររបស់ក្រុមប្រឹក្សាអ្នកជំនាញរបស់ UN ដែលតាមដានការដាក់ទណ្ឌកម្មរបស់ UN ជាយូរមកលើទីក្រុងព្យុងយ៉ាង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ រុស្សីបានវេតូការបន្តឡើងវិញប្រចាំឆ្នាំនូវក្រុមអ្នកជំនាញតាមឃ្លាំមើលនេះ ចំពេលមានការចោទប្រកាន់ដែលដឹកនាំដោយសហរដ្ឋអាមេរិកថា កូរ៉េខាងជើងបានផ្ទេរសព្វាវុធទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Kim ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសា័ព័ត៌មាន KCNA ដែលលើកឡើងថា បើទោះជាក្រុមមានឥទ្ធិពលអរិភាព បង្កើតក្រុមអ្នកជំនាញទី២ ឬទី៣ ក៏ដោយ ក៏ពួកគេនឹងបានត្រឹមតែ «បំផ្លាញខ្លួនឯង» ប៉ុណ្ណោះ។
សូមបញ្ជាក់បន្ថែមថា កាលពីខែមុន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានទៅទស្សនាតំបន់គ្មានយោធា ដែលជាព្រំដែនមានការការពារយ៉ាងរឹងមាំ រវាងកូរ៉េទាំង២ ដែលនៅតែមានសង្គ្រាមតាមលក្ខណៈបច្ចេកទេស ហើយបានជំរុញឲ្យរុស្ស៊ី និងចិនបញ្ឈប់ការលើកទឹកចិត្តដល់កូរ៉េខាងជើង ចំពោះអាកប្បកិរិយាមិនល្អរបស់ប្រទេសនេះ។
ហើយដំណើរទស្សនកិច្ចរបស់លោកស្រី ក៏បានធ្វើឡើងផងដែរបន្ទាប់ពីរុស្ស៊ីបានបដិសេធការបន្តឡើងវិញប្រចាំឆ្នាំរបស់ក្រុមអ្នកជំនាញពហុជាតិសាសន៍ដែលបានត្រួតពិនិត្យការអនុវត្តទណ្ឌកម្មរបស់ UN រយៈពេល ១៥ឆ្នាំ ក្នុងបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕