
ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃសោរ៍ (ទី៤ ខែឧសភា) បានប្រាប់ឲ្យដឹងថា មនុស្សជិត ៧០.០០០នាក់ ត្រូវបង្ខំចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ក្នុងពេលមានទឹកជំនន់ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ បំណាក់ដី និងខ្យល់ព្យុះបក់យ៉ាងខ្លាំងក្លា នៅភាគខាងត្បូងប្រទេស ដោយទីក្រុងធំ Porto Alegre រងផលប៉ះពាល់ខ្លាំងជាងគេជាពិសេស។
ទីភ្នាក់ងារការពារជនស៊ីវិលនេះបានប្រាប់ថា ស្ថានភាពទឹកជំនន់ដ៏អាក្រក់នេះ បានបណ្ដាលឲ្យមនុស្សចំនួន ៥៧នាក់បាត់បង់ជីវិត ៧៤នាក់រងរបួស និង ៦៧នាក់ផ្សេងទៀតបាត់ខ្លួន។ ចំនួនអ្នកស្លាប់នេះមិនរាប់បញ្ចូលមនុស្ស ២នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនៅឯស្ថានីយ៍ប្រេងឥន្ធនៈដែលលិចទឹក ក្នុងទីក្រុង Porto Alegre នោះឡើយ។ ឧបទ្ទវហេតុនោះត្រូវបានឃើញផ្ទាល់ដោយអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP.
កម្រិតទឹកដែលឡើងយ៉ាងលឿន នៅក្នុងរដ្ឋ Rio Grande do Sul បានបង្កការខូចខាតដល់ទំនប់ទឹក និងជាពិសេសគំរាមកំហែងផ្នែកសេដ្ឋកិច្ចដ៏សំខាន់របស់ទីក្រុង Porto Alegre ជាទីក្រុងដែលមានប្រជាជនចំនួន ១,៤លាននាក់។
ទន្លេ Guaiba ដែលហូរកាត់ទីក្រុងនេះ មានកម្ពស់ទឹកជាប្រវត្តិសាស្ត្រ ៥,០៤ម៉ែត្រ លើសបន្តិចពីកម្ពស់ ៤,៧៦ម៉ែត្រ ដែលបានក្លាយជាកម្ពស់ទឹកកំណត់ត្រា គិតចាប់តាំងពីមានទឹកជំនន់បំផ្លិចបំផ្លាញ ក្នុងឆ្នាំ១៩៤១។ អាជ្ញាធរកំពុងប្រឹងប្រែងជម្លៀសអ្នកពីតំបន់ដែលមានទឹកលិចខ្លាំង ខណៈអ្នកស្រុកជួបការលំបាក ក្នុងការរកផ្លូវទៅកាន់ទីសុវត្ថិភាព ក្នុងស្ថានភាពវឹកវរបែបនេះ។
បន្ថែមពីលើអ្នកស្រុកចំនួន ៦៩.២០០នាក់ ដែលបង្ខំចាកចេញពីលំនៅឋានរបស់ខ្លួន ទីភ្នាក់ងារការពារជនស៊ីវិល ក៏បានឲ្យដឹងផងដែរថា មនុស្សជាង ១លាននាក់ មិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាត ក្នុងពេលមានទឹកជំនន់នេះ ដោយពិពណ៌នាអំពីការខូចខាតថា មិនអាចគណនាបាន។
អភិបាលក្រុង Rio Grande do Sul លោក Eduardo Leite បាននិយាយថា រដ្ឋរបស់លោក ដែលជាធម្មតាជារដ្ឋមួយ ក្នុងចំណោមរដ្ឋដែលរីកច្រើនបំផុតរបស់ប្រទេសប្រេស៊ីលនោះ នឹងត្រូវការ «Marshall Plan» (គម្រោង ឬកម្មវិធីគាំទ្រ) លើការវិនិយោគច្រើន ដើម្បីស្ដារស្ថានភាពឡើងវិញ ក្រោយគ្រោះមហន្តរាយនេះ៕