
នាយករដ្ឋមន្រ្តីលោក Justin Trudeau កាលពីថ្ងៃសៅរ៍ (ទី៤ ខែឧសភា) បានទទួលស្គាល់ពីការមានអារម្មណ៍ភ័យខ្លាចនៅក្នុងសហគមន៍អ្នកកាន់សាសនា Sikh របស់ប្រទេសកាណាដា ប៉ុន្តែបានគូសបញ្ជាក់អំពី «នីតិរដ្ឋ» បន្ទាប់ពីមានការចាប់ខ្លួនមនុស្ស ៣នាក់ ពាក់ព័ន្ធនឹងករណីសម្លាប់អ្នកបំបែកខ្លួនសាសនា Sikh ក្នុងឆ្នាំ២០២៣ នៅទីក្រុង Vancouver។
គួរបញ្ជាក់ថា នគរបាលបានចាប់ខ្លួនបុរស ៣នាក់ កាលពីថ្ងៃសុក្រ (ទី៣ ខែឧសភា) ក្នុងសំណុំរឿងឃាតកម្មលើលោក Hardeep Singh Nijjar ដែលការធ្វើឃាតនោះបានបង្កឲ្យមានជម្លោះការទូត រវាងប្រទេសកាណាដា និងឥណ្ឌា កាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ បន្ទាប់ពីលោក Trudeau បានលើកឡើងថា រដ្ឋាភិបាលឥណ្ឌាមានការពាក់ព័ន្ធក្នុងករណីនេះ។
ដោយថ្លែងកាលពីថ្ងៃសៅរ៍ នាទីក្រុង Toronto នៅឯកម្មវិធីសមោសរ ដើម្បីអបអរសាទរបេតិកភណ្ឌ និងវប្បធម៌របស់សាសនា Sikh លោក Trudeau បានទទួលស្គាល់ថា មនុស្សជាច្រើននៅក្នុងសហគមន៍អ្នកកាន់សាសនា Sikh របស់កាណាដា «មានអារម្មណ៍មិនសប្បាយចិត្ត ហើយប្រហែលជាទាំងមានអារម្មណ៍ភ័យខ្លាចផងដែរ នាពេលនេះ» ប៉ុន្តែបានជំរុញឲ្យមានជំនឿលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសលោក។
លោកបានប្រាប់ថា៖ «សូមឲ្យយើងនៅតែរក្សាភាពស្ងប់ស្ងាត់ និងភាពរឹងប៉ឹងដដែល ក្នុងការប្តេជ្ញាចិត្តរបស់យើង ចំពោះគោលការណ៍ប្រជាធិបតេយ្យ និងប្រព័ន្ធយុត្តិធម៌របស់យើង»។
ជាមួយគ្នានេះ លោក Trudeau បានបន្ថែមថា ការចាប់ខ្លួននេះ «គឺមានសារៈសំខាន់ ដ្បិតកាណាដា គឺជាប្រទេសនីតិរដ្ឋ ដែលមានប្រព័ន្ធយុត្តិធម៌រឹងមាំ និងឯករាជ្យ ព្រមទាំងការប្តេជ្ញាចិត្តជាមូលដ្ឋាន ក្នុងការការពារប្រជាពលរដ្ឋទាំងអស់របស់ខ្លួន«។
ពលរដ្ឋឥណ្ឌា ៣នាក់ ដែល ២នាក់មានវ័យ ២២ឆ្នាំ និងម្នាក់វ័យ ២៩ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ (ទី៣ ខែឧសភា) ពីបទឃាតកម្មកម្រិតទី១ និងការចោទប្រកាន់ពីបទសមគំនិត។ ពួកគេត្រូវបានគេចោទប្រកាន់ថា ជាអ្នកបាញ់សម្លាប់ អ្នកបើកបរ និងអ្នកមើលផ្លូវ នៅថ្ងៃដែលលោក Nijjar ត្រូវបានគេសម្លាប់។ ហើយនគរបាលបានឲ្យដឹងបន្ថែមទៀតថា ពួកគេនៅតែស៊ើបអង្កេតទំនាក់ទំនងរបស់ជនសង្ស័យ «ជាមួយរដ្ឋាភិបាលឥណ្ឌា ប្រសិនបើមាន» និងថា តើអាចមានអ្នកផ្សេងទៀតជាប់ពាក់ព័ន្ធ ឬអត់៕