ភ្នំពេញ ៖ នៅក្នុងឱកាសថ្ងៃប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២០នេះ បណ្តាសិស្សានុសិស្ស បានថ្លែងការដឹង គុណលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀន សិស្សានុសិស្សទាំងអស់គ្នា តាំងពីកម្រិតថ្នាក់ដំបូង និងបានដឹកនាំណែនាំសិស្សប្រៀនប្រដៅប្រៀបដូចជា ឪពុក–ម្តាយទី២ ចង់អោយសិស្សនុសិស្សមានអនាគតល្អ នៅថ្ងៃខាងមុខ។
បើតាមយុវសិស្ស ញ៉េន សៅវណ្ណាក់ មកពីវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ពី BTV នៅថ្ងៃទី៥ ខែតុលានេះ ថា គ្រប់សកម្មភាពរបស់លោកគ្រូអ្នកគ្រូ គឺបានរួមចំណែកខ្លាំងណាស់ក្នុងការជួយអភិវឌ្ឍសង្គម អភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺលោកបានជួយណែនាំតម្រង់ទិសជីវិតរបស់សិស្សគ្រប់រូប អោយមានអនាគតល្អ ដើម្បីអោយពួកយើងមានធនធានសម្រាប់បន្តការងារអភិវឌ្ឍន៍ប្រទេសជាតិ បន្តការរីកចំរើន។
បណ្តាសិស្សានុសិស្សនានាទៀត បានចាត់ទុកលោកគ្រូ អ្នកគ្រូជា មាតាបិតាទី២ របស់ពួកគេ ខណៈដែលការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងនានា របស់សិស្ស គឺមិនអាចកាត់ផ្តាច់ពីការពន្យល់បង្ហាត់បង្ហាញពីលោកគ្រូអ្នកគ្រូឡើយ។
បើតាមអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម រស់ សុវាចា មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២០នេះ នៅទូទាំងប្រទេស មានគ្រូបង្រៀនគ្រប់កម្រិតសិក្សាមានប្រមាណជាង១២ម៉ឺននាក់ បាននឹងកំពុងបំរើការងារ ផ្តល់ការបង្ហាត់បង្រៀនជូនដល់បណ្តាសិស្សានុសិស្សគ្រប់កម្រិតទូទាំងប្រទេស៕
អត្ថបទ ៖ ស៊ុម សុខជា



