ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងទូទាំងប្រទេសបញ្ជារទិញរថយន្តដឹកវ៉ាក់សាំងចំនួន ៤០គ្រឿងបន្ថែមទៀត សម្រាប់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះចំនួន ២០គ្រឿងបានមកដល់ប្រទេសកម្ពុជាហើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅព្រឹកថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តយកវ៉ាក់សាំងចិនធ្វើជាបង្អែកដ៏ធំ ខណៈវ៉ាក់សាំងប្រទេសផ្សេងទៀតទុកលទ្ធភាពឲ្យក្រសួងការពារជាតិកម្ពុជាជាអ្នកចាត់ចែក និងទាក់ទង។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជាង ៧លាន ៣០ម៉ឺននាក់ហើយ ឬស្មើនឹង ៧៣.០៥ភាគរយ ក្នុងនោះពលរដ្ឋជាង ៤លាន ៧៨ម៉ឺននាក់ បានចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយដែរ៕
