
មិនទាន់មានវឌ្ឍនភាពជាវិជ្ជមានណាមួយ កើតឡើងក្នុងកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្ដើមឡើងវិញនៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ (ទី៤ ខែឧសភា) ដោយធ្វើឡើងក្នុងគោលបំណងបញ្ឈប់ជម្លោះជាច្រើនខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងដែនដីឡោមព័ទ្ធនេះ។
ប្រភពពីក្រុមហាម៉ាសដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Xinhua ថា ការចរចាបានប្រឈមជាមួយបញ្ហា ដោយសារតែការមិនបន្ទន់ជំហររបស់អ៊ីស្រាអែល ជុំវិញការមិនប្តេជ្ញាចិត្តឲ្យមានបទឈប់បាញ់ (អចិន្ត្រៃយ៍)។ ក្រុមហាម៉ាសបានទាមទារកិច្ចព្រមព្រៀង ដែលឲ្យអ៊ីស្រាអែលដកចេញពីតំបន់ហ្កាហ្សា និងបញ្ចប់ជម្លោះទាំងស្រុង ជាលក្ខខណ្ឌដែលអ៊ីស្រាអែល បាន និងកំពុងបដិសេធ។
របាយការណ៍មុននេះពីប្រព័ន្ធផ្សព្វផ្សាយ Al Arabiya News បានឲ្យដឹងថា ក្រុមហាម៉ាសបានយល់ព្រមដោះលែងចំណាប់ថ្នូរ ៣៣នាក់ ជំនួសឲ្យដើមឡើយ ២០នាក់ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់តាមការទាមទាររបស់អ៊ីស្រាអែល។
កាលពីថ្ងៃសៅរ៍ គណៈប្រតិភូក្រុមហាម៉ាសបានទៅដល់ទីក្រុងគែរ ដើម្បីជួបអ្នកសម្របសម្រួលអេហ្ស៊ីបស្តីពីបទឈប់បាញ់ នៅតំបន់ហ្កាហ្សាដែលអាចនឹងឃើញចំណាប់ថ្នូរមួយចំនួនវិលត្រឡប់ទៅកាន់អ៊ីស្រាអែលវិញ។
សារព័ត៌មាន AFP បានរាយការណ៍ថា បន្ទាប់ពីកិច្ចចរចាបានចាប់ផ្តើម មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាសថា «រារាំងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយ» ដោយបដិសេធមិនបោះបង់ការទាមទាររបស់ខ្លួន ដែលចង់ឲ្យបញ្ចប់ជម្លោះ។ ប្រភពជាន់ខ្ពស់របស់ក្រុមហាម៉ាសដែលស្និទ្ធនឹងការចរចានេះ បានប្រាប់សារព័ត៌មាន AFP ថា កិច្ចចរចាបានបញ្ចប់សម្រាប់ថ្ងៃនេះ ហើយនឹងបន្តឡើងវិញ នៅថ្ងៃអាទិត្យ (ទី៥ ខែឧសភា)។
គួរបញ្ជាក់ថា ការចរចាពីមុនបានជាប់គាំង ដោយមួយផ្នែកដោយសារក្រុមហាម៉ាស ទាមទារឲ្យមានបទឈប់បាញ់យូរអង្វែង ហើយការប្តេជ្ញាម្តងហើយម្តងទៀតរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គឺការកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់ ក្នុងទីក្រុង Rafah ភាគខាងត្បូង ជាកន្លែងដែលពេញទៅដោយជនភៀសខ្លួនស៊ីវិល៕