
នៅថ្ងៃបុណ្យ Orthodox Easter (អ៊ីស្ទើរអូស្សូដក់) នាថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ ប្រធានាធិបតីលោក Volodymyr Zelenskiy បានអំពាវនាវដល់បងប្អូនជនរួមជាតិអ៊ុយក្រែនរបស់លោកឲ្យរួបរួមគ្នាអធិស្ឋាន ទាំងសម្រាប់គ្នាទៅវិញទៅមក និងទាហាននៅសមសរភូមិជួរមុខ ដោយនិយាយថា ព្រះជាម្ចាស់ដែលមាន «ទង់ជាតិអ៊ុយក្រែននៅលើស្មារបស់ព្រះអង្គ» នឹងនាំទៅរកការមានជីវិតដែលឈ្នះលើសេចក្តីស្លាប់។
លោក Zelenskiy ដែលពាក់អាវប៉ាក់ប្រពៃណីអ៊ុយក្រែន និងខោកាគីធម្មតា បានថ្លែងសុន្ទរកថាជាវីដេអូ ឈរនៅពីមុខវិហារ Saint Sophia ដែលមានអាយុកាល ១.០០០ឆ្នាំ ក្នុងទីក្រុងគីវ។
គួរបញ្ជាក់ថា បរិស័ទគ្រិស្តអូស្សូដក់ ក្នុងនោះរួមទាំងវិហារគ្រិស្តអូស្សូដក់នៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីផងដែ ត្រូវប្រារព្ធពិធីបុណ្យ Easter Orthodox (អ៊ីស្ទើរអូស្សូដក់) នៅចុងសប្តាហ៍នេះ ខណៈដែលព្រះវិហារលោកខាងលិចភាគច្រើន បានប្រារព្ធពិធីបុណ្យដ៏សំខាន់នៅថ្ងៃទី៣១ ខែមីនា។
សូមបញ្ជាក់បន្ថែមទៀតថា មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ត្រូវចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ចាប់តាំងពីលោក Vladimir Putin បានបញ្ជាឲ្យមានការលុកលុយលើប្រទេសជិតខាងតូចជាងរុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ហើយសង្គ្រាមដែលឥឡូវនេះស្ថិតនៅក្នុងឆ្នាំទី៣ នោះ មិនមានសញ្ញាឈានដល់ទីបញ្ចប់នោះឡើយ។
អំឡុងសន្ទរកថានោះ លោក Zelenskiy បាននិយាយថា៖ «ប្រជាជនអ៊ុយក្រែនត្រូវលុតជង្គង់ សម្រាប់តែការអធិដ្ឋានប៉ុណ្ណោះ តែមិនមែននៅចំពោះមុខពួកអ្នកលុកលុយ និងអ្នកគ្រប់គ្រងនោះឡើយ»៕