
រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោក German Galushchenko នៅថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ បាននិយាយថា ការវាយប្រហារដោយយានដ្រូន និងមីស៊ីលយ៉ាងខ្លាំងក្លារបស់រុស្ស៊ី លើប្រព័ន្ធថាមពលអ៊ុយក្រែន បានបង្កការខូចខាតដល់វិស័យនេះជាង ១ពាន់លានដុល្លារ។
គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២២ ខែមីនាមក កងកម្លាំងរុស្ស៊ី បាន និងកំពុងវាយប្រហារស្ថានីយថាមពលកម្ដៅ និងវារីអគ្គីសនីអ៊ុយក្រែន ព្រមទាំងបណ្តាញសំខាន់ៗស្ទើរតែរាល់ថ្ងៃ ដែលនាំឲ្យមានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើន។
លោក Galushchenko បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ យើងកំពុងនិយាយអំពីបរិមាណនៃការខាតបង់ ដែលមានចំនួនច្រើនជាង ១ពាន់លានដុល្លារ។ ប៉ុន្តែការវាយប្រហារ នៅតែបន្ត ហើយវាច្បាស់ណាស់ថា ការខាតបង់នឹងកើនឡើង»។
ជាមួយគ្នានេះ លោក Galushchenko បានបញ្ជាក់បន្ថែមថា ការខូចខាតធំចម្បង គឺរោងចក្រផលិតកម្ដៅ និងវារីអគ្គិសនី ក៏ដូចជាប្រព័ន្ធបញ្ជូនថាមពលផងដែរ។
លោកបានប្រាប់ថា «ប្រព័ន្ធនេះមានស្ថិរភាព សម្រាប់ពេលនេះ ប៉ុន្តែស្ថានភាពមានភាពស្មុគស្មាញណាស់» ហើយលោកបានបន្ថែមថា ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផល ប្រព័ន្ធថាមពលបច្ចុប្បន្ន កំពុងត្រូវបានគាំទ្រដោយការផលិតថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ៕