
អ្នកស្រុកបាននិយាយថា នៅថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ ប្រជាជនប៉ាឡេស្ទីននាំគ្នាដើរមើលតាមគំនរបាក់បែកនៃផ្ទះរបស់គ្រួសារ Al-Shaer ដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានធ្លាក់ចំអគារ និងតំបន់ជុំវិញ ក្នុងរយៈពេលពេញមួយយប់។
ជនភៀសខ្លួនប៉ាឡេស្ទីនឈ្មោះ Umm Sakr Labad បាននិយាយថា៖ «មានការវាយប្រហារជារៀងរាល់ថ្ងៃ។ មិនមានសុវត្ថិភាពនោះទេ នៅក្រុង Rafah»។ ចំណែកលោក Aref Al-Shaer ដែលបានបាត់បង់ផ្ទះរបស់ខ្លួន នៅក្នុងការវាយប្រហារតាមអាកាស បាននិយាយថា លោកភ័យខ្លាចថា ពិភពលោកជឿខុស ដែលថា ទីក្រុង Rafah មានសុវត្ថិភាព។ លោកបាននិយាយថា៖ «ពួកគេបានប្រកាសបទឈប់បាញ់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តែគ្មានអ្វីកើតឡើងទេ»។
ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា មេដឹកនាំក្រុមហាម៉ាស កំពុងពិភាក្សាបទឈប់បាញ់ថ្ងៃទី២ ជាមួយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា នៅថ្ងៃអាទិត្យ (ទី៥ ខែឧសភា) នេះ ដោយវឌ្ឍនភាពជាក់ស្តែងណាមួយមិនត្រូវបានរាយការណ៍នោះឡើយ ខណៈដែលក្រុមអ៊ីស្លាមនិយម បានបន្តរក្សាជំហរទាមទាររបស់ខ្លួនថា កិច្ចព្រមព្រៀងណាមួយ ត្រូវតែកើតឡើង ដោយការបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា។
ក្នុងពេលដែលការពិភាក្សាកំពុងបន្តធ្វើ អ្នកស្រុក និងមន្ត្រីសុខាភិបាលបាននិយាយថា យន្តហោះ និងរថក្រោះរបស់អ៊ីស្រាអែល បានបន្តវាយលុកតាមតំបន់នានា ជុំវិញដែនដីប៉ាឡេស្ទីន ពេញមួយយប់ ដោយបានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត និងរបួសជាច្រើននាក់៕