ការតវ៉ារបស់ក្រុមចលនានិស្សិតប្រឆាំងការវាយលុករបស់យោធាអ៊ីស្រាអែលលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារមិនធ្លាប់មាន កាលពីថ្ងៃទី ៧ខែតុលាឆ្នា២០២៣ ពី សំណាក់ក្រុមហាម៉ាស លើប្រទេសអ៊ីស្រាអែល បានរីករាលដាលដល់ប្រទេសជាច្រើនក្នុងពិភពលោក។

ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាកលវិទ្យាល័យយ៉ាងហោចណាស់ ៤០ របស់សហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ដែលជារឿយៗបានបោះជំរំតង់ដើម្បីតវ៉ាប្រឆាំងនឹងចំនួនអ្នកស្លាប់ដែលកំពុងកើនឡើងនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា មនុស្សជិត ២.០០០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងបាតុកម្មដែលរំឮកដល់ការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាម។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នគរបាលបានបង្ខំឱ្យរុះរើកន្លែងអង្គុយរបស់និស្សិតជាច្រើន រួមទាំងកន្លែងអង្គុយតវ៉ានៅសាកលវិទ្យាល័យញូវយ៉ក តាមសំណើរបស់អ្នកគ្រប់គ្រងរបស់សាលាទាំងនោះ។
ចំណែកក្រុមនិស្សិតសាកលវិទ្យាល័យ ដាកា(Dhaka) រាប់រយនាក់បានដុតរូបតំណាងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu អំឡុងបាតុកម្មគាំទ្រប៉ាឡេស្ទីនក្នុងរដ្ឋធានីរបស់បង់ក្លាដែសកាលពីថ្ងៃអាទិត្យ ៥ ឧសភា។ក្រុមបាតុករក៏បានថ្កោលទោសការចាប់ខ្លួន និងវាយឆ្មក់របស់នគរបាលនាពេលថ្មីៗនេះនៅសាកលវិទ្យាល័យនានាទូទាំងសហរដ្ឋអាមេរិក ជាទីដែលចលនាបាតុករគាំទ្រប៉ាឡេស្ទីនបានបោះជំរំនៅតាមបរិវេណជាច្រើនដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមអ៊ីស្រាអែលនៅលើតំបន់ហ្កាហ្សា។

នគរបាកាលបារាំងកាលពីចុងសប្ដាហ៍ បានជម្លៀសក្រុមអ្នកតវ៉ាចេញពីកន្លែងអង្គុយតវ៉ាគាំទ្រតំបន់ហ្កាហ្សា នៅសាកលវិទ្យាល័យ សាយអិនស៊ីស ផូ(Sciences Po) ក្នុងទីក្រុងប៉ារីស ដែលជាសាលាវិទ្យាសាស្ត្រនយោបាយដ៏ធំរបស់ប្រទេសនេះ។ ក្រុមមន្ត្រីនិយាយថា មនុស្ស ៩១ នាក់ត្រូវបានចាប់ខ្លួន។

ចំណែកនៅប្រទេសអាល្លឺម៉ង់វិញ នគរបាល បានធ្វើអន្តរាគមន៍កាលពីចុងសប្ដាហ៍នេះ ដើម្បីជម្លៀសក្រុមអ្នកតវ៉ាចេញពីបរិវេណសាកលវិទ្យាល័យ ហាំបូលធ៍ (Humboldt)នៅកណ្តាលទីក្រុងប៊ែរឡាំង។
រីឯ នៅប្រទេសកាណាដា វិញ ក្រុមនិស្សិតបានចេញតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សាក្នុងទីក្រុងមួយចំនួនរួមមាន ទីក្រុង ម៉ុងរ៉េអាល់ អូតាវ៉ា តូរ៉ុនតូ និងវ៉ានខូវើ ជាដើម។ ជាមួយគ្នានោះនៅក្នុងប្រទេសអៀរឡង់ ក្រុមនិស្សិតនៅសាកលវិទ្យាល័យ ទ្រីនីទី ខូលីជ ដាប់ប្លីន (Trinity College Dublin) បានចាប់ផ្តើមតវ៉ាអង្គុយកាលពីចុងសប្ដាហ៍នេះ និងហៅការតវ៉ានេះថាជា ជំរំសាមគ្គីជាមួយប៉ាឡេស្ទីន៕