កម្ពុជាតាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ខ្លួនប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធមិនដោះលែង កញ្ញា ឈឹម ស៊ីថរ ទៅតាមការអំពាវនាវរបស់UNនោះឡើយ ហើយកម្ពុជាក៏បានប្រាប់ទៅកាន់អ្នកនាំពាក្យ នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរថា ការអំពាវនាវឲ្យដោះលែងជនជាប់ចោទនេះជាបន្ទាន់ ឬលុបចោលការចោទប្រកាន់ផ្តន្ទាទោសទាំងអស់នោះ គឺជាការមើលងាយដល់សមត្ថកិច្ច និងសុចរិតភាពរបស់តុលាការកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ដែលទូរទស្សន៍BTVទទួល បាននាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាសូមបដិសេធទាំងស្រុងចំពោះការអត្ថាធិប្បាយដោយបំភ័ន្តជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យទទួលបន្ទុកសិទ្ធិមនុស្សUN លោក ជើរេមី ឡូរិនសេ កាលពីថ្ងៃទី៣កន្លងទៅ ពាក់ព័ន្ធការតម្កល់ទោសបទចោទប្រកាន់លើកញ្ញា ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាបានបញ្ជាក់ទៅកាន់អ្នកនាំពាក្យUNនេះថា «ការអំពាវនាវ ឲ្យដោះលែង កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ ឬអាជ្ញាធរឲ្យលុបចោលការផ្តន្ទាទោសទាំងអស់ គឺ ជាការមើលងាយដល់សមត្ថកិច្ច និងសុចរិតភាពរបស់តុលាការកម្ពុជា។ សេចក្តីសម្រេចរបស់តុលាការ គឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របទៅតាមនីតិវិធីដ៏ត្រឹមបំផុត»។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏បានបញ្ជាក់ទៅ កាន់អ្នកនាំពាក្យខាងលើនេះម្តងទៀតផងដែរថា កញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពីបទញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ជនជាប់ចោទកញ្ញា ឈឹម ស៊ីថរ នេះ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឲ្សស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ប៉ុន្តែជនជាប់ចោទរូបនេះត្រូវបានឃុំខ្លួនឡើងវិញបន្ទាប់ពីគេបានបំពានកតព្វកិច្ចរបស់ខ្លួន ដោយព្យាយាមនីរទេសខ្លួនចេញពីកម្ពុជា។
ជាមួយគ្នានោះដែរ តាមរយៈសេចក្តីថ្លែងការណ៍ព័ត៌មាននេះ កម្ពុជាបានបញ្ជាក់ទៅកាន់អ្នកនាំ ពាក្យរបស់ UNនេះផងដែរថា ប្រទេសកម្ពុជាក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីសហជីពនោះឡើយ ដោយបទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើបុគ្គលណាម្នាក់ ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិសេរីភាពរបស់អ្នកដទៃនោះនឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាក់ជា មិនខាននោះឡើយ។
យ៉ាងណាក៏ដោយកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការ ប្តេជ្ញាចិត្តក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ ជាមួយគ្នានោះដែរ កម្ពុជាក៏បានស្នើទៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សគោរពឲ្យបានម៉ឺងម៉ាត់នូវ សេចក្តីសម្រេចនានា ដែលបានកំណត់អាណត្តិការងាររបស់ការិយាល័យនេះ ដោយត្រូវគោរពតាមធម្ម នុញ្ញអង្គការសហប្រជាជាតិ និងមានកតព្វកិច្ចគោរពអធិបតេយ្យភាព និងយុត្ថាធិការក្នុងស្រុករបស់រដ្ឋជា ជាសមាជិកនោះ៕ អត្ថបទ៖ បាន ចក់

