ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចអនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញសម្រាប់បង្ការការឆ្លងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងសន្និសីទស្ដីពីការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅព្រឹកថ្ងៃនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចលើកការចាក់វ៉ាក់សាំងដូសទី៣នេះហើយកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីមានការសិក្សារួច។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វ៉ាក់សាំង AstraZeneca ចំនួន ១ដូស នឹងប្រើប្រាស់ធ្វើជាដូសទី៣ សម្រាប់ធ្វើជាដូសជំរុញដល់ការបណ្ដុះអង់ទីករប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា វ៉ាក់សាំងដូសទី៣នេះ នឹងផ្ដល់ជូនក្រុមការងារជួរមុខដែលកំពុងប្រយុទ្ធនឹងការឆ្លងរីកដាលនៃមេរោគកូវីដ-១៩នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមជួរមុខនេះ មានចំនួនចន្លោះពី ៥០ ទៅ ៦០ម៉ឺននាក់ ដែលជាក្រុមអាទិភាពសម្រាប់ទទួលបានវ៉ាក់សាំងដូសទី៣នេះ។
សម្រាប់អ្នកចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ទាំងពីរដូសរួចហើយ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នឹងទទួលបានវ៉ាក់សាំងដូសទី៣ ដែលជាវ៉ាក់សាំង AstraZeneca៕
