រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Yoav Gallant បាននិយាយកាលពីថ្ងៃអាទិត្យ ថាក្រុមហាម៉ាស ហាក់ដូចជាពុំមានភាពហ្មត់ចត់ចំពោះការឈានដល់បទឈប់បាញ់នោះទេ។ យើងបានកំណត់សញ្ញានៃការព្រមានដែលថា ក្រុមហាម៉ាស ពិតជាពុំមានបំណងឈានទៅរកកិច្ចព្រមព្រៀងណាមួយជាមួយយើងនោះទេ។ នេះមានន័យថា យើងនឹងចាប់ផ្តើមសកម្មភាពយោធា នៅទីក្រុង Rafah និងនៅតំបន់ហ្កាហ្សាស្ទ្រីបទាំងមូល នៅពេលខាងមុខដ៏ឆាប់នេះ។

លោក Gallant បាននិយាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ហ្កហ្សាស្ត្រីប ភាគកណ្តាល ជាកន្លែងដែលលោក បានជួបជាមួយទាហានអ៊ីស្រាអែល និងបានពិនិត្យមើលតំបន់នោះ។
អ៊ីស្រាអែល បានព្រមានជាច្រើនខែមកហើយថា ខ្លួនមានផែនការបញ្ជូនកងទ័ព ចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាទីដែលជនភៀសខ្លួនហ្កាហ្សា ជាងមួយលាននាក់ បានភៀសខ្លួនទៅទីនោះ។

អ៊ីស្រាអែល ជឿថា ក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ បានលាក់ខ្លួននៅក្នុងទីក្រុង រួមជាមួយចំណាប់ខ្មាំងរាប់សិបនាក់។
ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ការវាយលុកបែបនេះ នឹងធ្វើឱ្យជីវិតមនុស្សរាប់សែននាក់ប្រឈមទៅនឹងហានិភ័យ និងជាការបង្អាក់ដ៏ធំលើប្រតិបត្តិការផ្តល់ជំនួយនៅតំបន់ហ៊ុមព័ទ្ធទាំងមូលនេះ។
ទស្សនវិស័យសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា ហាក់មានភាពយឺតយ៉ាវ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមហាម៉ាស បានលើកឡើងជាថ្មីនូវការទាមទាររបស់ខ្លួនសម្រាប់ការបញ្ចប់សង្គ្រាមជាថ្នូរទៅនឹងការដោះលែងចំណាប់ខ្មាំង ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលទាំងស្រុង ហើយភាគីទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំងនេះ។