ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា អាចនឹងបញ្ចប់លឿនជាងការគ្រោងរហូតដល់ទៅ ៦ខែ បើពិនិត្យមើលតាមល្បឿននៃការចាក់វ៉ាក់សាំងរហូតមកដល់ថ្ងៃនេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមមនុស្សអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅព្រឹកថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា កត្តាដឹកនាំ គឺជាចំណុចសំខាន់សម្រាប់ដំណើរការចាក់វ៉ាក់សាំងលឿនបែបនេះនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ដំណើរការចាក់វ៉ាក់សាំងនៅកម្ពុជានេះ អាចមានល្បឿនលឿនជាងនេះ ១ខែទៀត ប្រសិនបើសម្ដេចជឿតាមមតិយោបល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួនជាង ៧លាន ៣០ម៉ឺននាក់ហើយ ឬស្មើនឹង ៧៣.០៥ភាគរយ ក្នុងនោះពលរដ្ឋជាង ៤លាន ៧៨ម៉ឺននាក់ បានចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយដែរ៕

