ប្រធានសហភាពអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ឌើឡេយិន ( Ursula von der Leyen) បាននិយាយកាលពីថ្ងៃចន្ទ ទី៦ ឧសភានេះ ថា លោកស្រីនឹងជំរុញឱ្យមានការប្រកួតប្រជែង ដោយយុត្តិធម៌ ជាមួយប្រទេសចិន ក្នុងកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉ារីស។

លោកស្រី បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយប៉ុន្មានម៉ោងមុនកិច្ចប្រជុំនៅទីក្រុងប៉ារីសទល់មុខគ្នារវាងលោក Xi លោកស្រី និងលោកប្រធានាធិបតីបារាំង Emmanuel Macron ថា យើងត្រូវធ្វើសកម្មភាពដើម្បីធ្វើឱ្យប្រាកដថាការប្រកួតប្រជែងមានភាពយុត្តិធម៌ និងមិនត្រូវបំភ្លៃ។

លោកស្រី បាននិយាយថាកាលពីកន្លងទៅថា លោកស្រីធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាអតុល្យភាពនាពេលបច្ចុប្បន្ននៅក្នុងការចូលដំណើរការទីផ្សារមិនមាននិរន្តរភាពទេហើយចាំបាច់ត្រូវដោះស្រាយ។
គណៈកម្មការអឺរ៉ុបរបស់ស្រី Leyen ដែលជាអាជ្ញាធររបស់សហភាពអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មបានបើកការស៊ើបអង្កេតការប្រកួតប្រជែងមួយចំនួនដែលផ្តោតលើប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ទីក្រុងប៉េកាំងបានប្រតិកម្មពោពេញដោយកំហឹងចំពោះការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយសង្ស័យថាមានការចូលប្រើប្រាស់មិនស្មើភាពក្នុងទីផ្សារឧបករណ៍វេជ្ជសាស្ត្ររបស់ប្រទេសចិន ដោយហៅថាជាសញ្ញានៃ ការការពារនិយម របស់សហភាពអឺរ៉ុប។
ចិនក៏ខឹងសម្បារចំពោះការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុនផ្គត់ផ្គង់ទួរប៊ីនខ្យល់របស់ចិនសម្រាប់ទីផ្សារអឺរ៉ុបផងដែរ។ ការស៊ើបអង្កេតទីក្រុងព្រុចសែលផ្សេងទៀតបានផ្តោតលើការឧបត្ថម្ភធនរបស់ចិនសម្រាប់បន្ទះស្រូបពន្លឺព្រះអាទិត្យ ឬផ្ទាំងថាមពលសូឡា រថយន្តអគ្គិសនី (EVs) និងរថភ្លើង៕