កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍មហាជោគជ័យជាប្រវត្តិសាស្ត្រ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាលើកដំបូងឡើងវិញ ក្រោយកម្ពុជា អាក់ខានរៀបចំចំនួន៦៤ឆ្នាំ។ ក្នុងឱកាសខួប១ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក្រុមអត្តពលិក និងពលរដ្ឋ បានបង្ហាញការនឹករលឹកដែលកម្ពុជាបានរៀបចំបានល្អប្រសើរ និងបានជំរុញទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាលេងកីឡា និងបង្កើតការចង់ចាំជាប្រវត្តិសាស្រ្ដសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គមឆ្នាំ២០២៣ កន្លងទៅនេះ។

ក្រុមអត្តពលិកមេដាយមាស ប្រាក់ និងពលរដ្ឋនានាទៀត បានថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែឧសភានេះថា មកដល់ខែឧសភា ឆ្នាំ២០២៤នេះ មានរយៈពេល១ឆ្នាំហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម ជាលើកដំបូងឡើងវិញ ហើយតាមរយៈព្រឹត្តិការណ៍មហាជោគជ័យនេះ គឺបានធ្វើឲ្យបណ្តាប្រតិភូកីឡា និងអត្តពលិកក្នុងតំបន់អាស៊ានកោតសរសើរកម្ពុជា និងបានផ្សព្វផ្សាយកិត្តិនាមកម្ពុជា រៀបចំស៊ីហ្គេមល្បីពេញឆាកអន្តរជាតិ។ ក្នុងនាមជាពលរដ្ឋ និងជាអត្តលិកខ្មែរ ពួកគេប្តេជ្ញាប្រឹងហាត់ និងលេងកីឡាបន្ថែមទៀត ដើម្បីដណ្តើមយកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាផ្សេងៗនាពេលខាងមុខ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា អំឡុងពេលកម្ពុជាធ្វើជាម្ចាស់រៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ចប់ភ្លាម កាលនោះមជ្ឈដ្ឋានអន្តរជាតិ មានមជ្ឈដ្ឋានអន្តរជាតិ ចូលទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដូចជាហ្វេសប៊ុក និងតិចតុក ជាដើមគឺមានចំនួនអ្នកចូលរួមទស្សនា (View) បានប្រមាណ ៣០ពាន់លាននាក់ ហើយមកដល់ខែឧសភា ឆ្នាំ២០២៤នេះ ចំនួនអ្នកចូលទស្សនា View កើនរហូត ៣២ពាន់លាននាក់។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ចំនួនមជ្ឈដ្ឋានអន្តរជាតិ ដែលចូលទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញនោះ ភាគច្រើន គេចូលទស្សនាព្រឹត្តិការណ៍បើកប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលទស្សនា ប្រកួតកីឡា របស់កីឡាការនី ប៊ូ សំណាង ដែលត្រូវបានទូរទស្សន៍ CNN យកទៅផ្សព្វផ្សាយបន្ត៕ អត្ថបទ ស៊ុម សុខជា




