ក្រសួងចំនួន ៣ រួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូង នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៤ នេះដើម្បីសិក្សាស្វែងយល់ និងធ្វើការរួមគ្នាក្នុងវិស័យទាំង៣ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំលើកដំបូងនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ដោយមានការអញើញចូលរួមពីរដ្ឋមន្រ្តីទាំង៣រួមមាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា, រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម ឯកឧត្តម ថោ ជេដ្ឋា និងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន។
កញ្ញា អ៊ឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងរវាងក្រសួងទាំង៣នាពេលនេះ គឺកិច្ចប្រជុំធ្វើឡើងដើម្បីស្វែងយល់ពីតម្រូវការ និងសក្ដានុពលនៃក្រសួងទាំង៣ ដើម្បីធ្វើការរួមគ្នាឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។
កញ្ញាបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនេះ ក្រសួងទាំងបីគ្រោងធ្វើកិច្ចប្រជុំ៣ខែម្តង ដោយឆ្លាស់វេនគ្នាដោយកិច្ចប្រជុំទី១ធ្វើនៅក្រសួងកសិកម្ម លើកទី២ អាចធ្វើនៅក្រសួងធនធានទឹក និងលើកទី៣ នៅក្រសួងអភិវឌ្ឍន៍ជនបទវិញម្ដង។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយជំរុញអនុវត្តវិធានការចាំបាច់ ដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាកសិករ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម សន្តិសុខស្បៀង និងនិរន្តរភាព សំដៅលើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់វិស័យកសិកម្មនេះរួមមាន៖ ១.លើកស្ទួយ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ២.ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និង ៣. អភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕






