ការហាត់សមចុងក្រោយសម្រាប់ព្យុហយាត្រាយោធានៃទិវាជ័យជំនះនៅឆ្នាំនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នៅទីលានក្រហម ទីក្រុងមូស្គូ ប្រទេសរុស្សី។ យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្កេ សយហ្គូ(Sergei Shoigu) បាននិយាយថា បុគ្គលិកយោធាជាង ៩.០០០នាក់ និងយានយន្តយោធាចំនួន៧០គ្រឿង នឹងចូលរួមនៅក្នុងពិធីដ៏ធំនេះ ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះរបស់សហភាពសូវៀតនៅក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យឆ្នាំ ១៩៤១ដល់ឆ្នាំ១៩៤៥។

ការហាត់សមនេះ ត្រូវបានធ្វើឡើងអនុវត្តពេញលេញតាមនីតិវិធីនៃក្បួនព្យុហយាត្រាផ្លូវការ ដែលប្រារព្ធធ្វើនៅទីលានក្រហម ក្នុងទិវាជ័យជម្នះ។
រថក្រោះT-34 ប្រព័ន្ធមីស៊ីលIskander-M ប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400 មីស៊ីលបាលីស្ទីក Yars សព្វាវុធនិងយុទ្ធោបករណ៍ផ្សេងទៀត ត្រូវបានបង្ហាញក្នុងអំឡុងពេលហាត់សមនេះ។

នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៤៥ សហភាពសូវៀត បានធ្វើព្យុហយាត្រាយោធាលើកដំបូងរបស់ខ្លួននៅទីលានក្រហម ដើម្បីរំលឹកពីជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យប្រឆាំងពួកណាស៊ីអាល្លឺម៉ង់ ជាផ្នែកសំខាន់មួយនៃសង្គ្រាមលោកលើកទី២។
បន្ទាប់ពីការរំលាយសហភាពសូវៀត ប្រទេសរុស្ស៊ី បានប្រារព្ធពិធីព្យុហយាត្រាយោធា និងការប្រារព្ធពិធីជាបន្តបន្ទាប់នៅថ្ងៃទី ៩ ខែឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥មក ដើម្បីរំលឹកដល់ជ័យជំនះលើពួកណាស៊ីអាល្លឺម៉ង់។
កងទ័ព បានដើរហែក្បួន ហើយយន្តហោះចម្បាំង បានហោះពីលើទីក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលហាត់សម។
ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថានឹងដឹកនាំព្រឹត្តិការណ៍ទិវាជ័យជំនះនៅទីក្រុងមូស្គូ នៅថ្ងៃព្រហស្បត្តិ៍ ទី៩ ខែ ឧសភា ដើម្បីរំលឹកខួបលើកទី៧៩ នៃជ័យជំនះ។
នៅឆ្នាំនេះ ក៏ដូចជាឆ្នាំចុងក្រោយ និងឆ្នាំ ២០២២ ក្បួនព្យុហយាត្រា នឹងត្រូវធ្វើឡើងក្នុងពេលមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីហៅថា «ប្រតិបត្តិការសឹកពិសេស»។