ព្យុះភ្លៀងនៅក្នុងរដ្ឋតិចសាស់(Texas) សហរដ្ឋអាមេរិក បាននាំមកនូវទឹកភ្លៀងបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី៥ឧសភា ជាការបន្ថែមបន្ទុកមានស្រាប់ទៅលើតំបន់ហូស្តុន ជាទីដែលមនុស្សរាប់រយនាក់ ត្រូវបានជួយសង្រ្គោះពីលំនៅឋាន និងផ្លូវ រងការជន់លិច ខណៈទឹកជំនន់ចូលទៅដល់ភាគខាងជើងតំបន់ ហ្វត ហ្វ៊ស (Fort Worth) បណ្ដាលឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីទឹកហូរកួច នៅពេលរថយន្តដែលរូបគេកំពុងជិះ ជាប់ក្នុងទឹកជំនន់។

ក្រុមមន្ត្រីបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់២២៤នាក់ ត្រូវបានជួយសង្រ្គោះ ចេញពីផ្ទះសម្បែង និងរថយន្ត នៅក្នុងស្រុក Harris ខណៈការចេញបញ្ជាឲ្យជម្លៀស និងតាមដានស្ថានភាពទឹកជំនន់ ត្រូវបានអនុវត្តន៍ ស្របពេលរដ្ឋមួយនេះនៅតែទទួលរងគ្រោះពីកម្រិតទឹកភ្លៀងខ្ពស់កាលពីថ្ងៃអាទិត្យ។

យ៉ាងណានៅក្នុងស្រុក Harris ពុំទាន់មានរបាយការណ៍ស្ដីពីអ្នកស្លាប់ ឬរបួសទេ ជាមួយគ្នានោះ សត្វចិញ្ចឹមចំនួន១៥៣ក្បាល ក៏ត្រូវបានជួយសង្រ្គោះដែរ ។

កាលពីថ្មីៗនេះ មន្ត្រីព្យាករណ៍អាកាសធាតុ បាននិយាយថា កម្រិតទឹកភ្លៀង ពី១ទៅ៣ អ៊ីញ អាចនឹងកើតមាននៅព្រឹកថ្ងៃចន្ទនេះ ហើយថាតំបន់មួយចំនួនអាចមើលឃើញ កម្រិតទឹកពី៤ទៅ៨អ៊ីញ ។ ការព្យាយាករណ៍បង្ហាញថាមានឱកាស២០% ថានឹងមានភ្លៀងធ្លាក់នៅព្រឹកថ្ងៃចន្ទនេះ៕