ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាណុងបាញ់ទឹក ឬអាវុធវាយប្រហារណាមួយ នៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។

លោក Marcos បានប្រាប់អ្នកសារព័ត៌មានថា រឿងចុងក្រោយដែលហ្វីលីពីនចង់ធ្វើ គឺមិនបង្កើនភាពតានតឹង នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ លោក Marcos បាននិយាយថា៖ «យើងនឹងមិនដើរតាមឆ្មាំល្បាតសមុទ្រចិន និងនាវាចិននោះទេ» ដោយលោកបន្ថែមថា បេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំល្បាតសមុទ្រហ្វីលីពីន គឺកាត់បន្ថយភាពតានតឹង ហើយមិនមានគម្រោងដំឡើងកាណុងបាញ់ទឹក នៅលើនាវានោះទេ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីននេះ ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ គួបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីក្រុងម៉ានីលបានតវ៉ា ចំពោះការប្រើប្រាស់កាណុងបាញ់ទឹករបស់ទីក្រុងប៉េកាំងប្រឆាំងនឹងនាវាហ្វីលីពីន នៅឯតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ដោយពណ៌នាការធ្វើបែបនោះថា វាជាការយាយី និង «សកម្មភាពបង្កគ្រោះថ្នាក់» ខណៈភាពតានតឹងក្នុងដែនទឹកមានជម្ល៉ោះ រវាងប្រទេសទាំង២ កើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
គួរបញ្ជាក់បន្ថែមថា ប្រទេសចិនទាមទារអធិបតេយ្យភាពលើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំជាង ៣សែនកោដិដុល្លារ ក្នុងនោះរួមទាំងផ្នែកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេផងដែរ។ តុលាការអន្តរជាតិ ក្នុងឆ្នាំ២០១៦ បានសម្រេចថា ការទាមទារតំបន់ដ៏ធំល្វឹងល្វើយរបស់ចិននេះមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ តែសេចក្តីសម្រេចនេះត្រូវបានក្រុងប៉េកាំងច្រានចោល៕