វិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ជាលើកដំបូង គិតចាប់តាំងពីមេដឹកនាំ លោក Kim Jong Un (គីម ជុងអ៊ុន) ឡើងកាន់អំណាចក្នុងឆ្នាំ២០១១ ប្រជាជនកូរ៉េខាងជើងត្រូវបានស្នើឲ្យស្បថសច្ចាប្រណិធាន នៅថ្ងៃខួបកំណើតរបស់លោក ចំពេលដែលប្រទេសនេះកំពុងចាត់វិធានការផ្សេងៗទៀត ដើម្បីពង្រឹងការគ្រប់គ្រងរបស់មេដឹកនាំរូបនេះ។

ពាក្យសច្ចាប្រណិធានស្មោះត្រង់ ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ត្រូវបានគ្រប់គ្រងត្រួតពិនិត្យ ពោលគឺជាអ្វីដែលគេជឿថា ថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក គីម នៅថ្ងៃទី៨ ខែមករា។ នេះបើយោងតាមវិទ្យាស្ថាន South & North Development Institute (SAND) ជាស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល ដែលបានចេញផ្សាយរូបភាពនៃពាក្យសម្បថនេះ នៅក្នុងប័ណ្ណដែលមានការតុបតែងលម្អយ៉ាងស្រស់ស្អាតកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក។

គួរបញ្ជាក់ថា កូរ៉េខាងជើង មិនធ្លាប់បានបញ្ជាក់ជាផ្លូវការនូវថ្ងៃខែឆ្នាំកំណើតរបស់លោក គីម នោះឡើយ ហើយជាប្រពៃណី ពិធីសច្ចាប្រណិធានបែបនេះ ត្រូវបានធ្វើឡើងចំថ្ងៃខួបកំណើតរបស់ឪពុក និងជីតារបស់លោក ដែលជាមេដឹកនាំពីមុនរបស់ប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរមួយនេះ។
វិទ្យាស្ថាន SAND បានលើកឡើងនៅក្នុងការវិភាគមួយថា៖ «ការជ្រើសរើសរបស់លោក គីម ជុង អ៊ុន ដើម្បីធ្វើពិធីសច្ចាប្រណិធានក្នុងថ្ងៃខួបកំណើតគម្រប់ ៤០ឆ្នាំរបស់លោក ខណៈដែលលោកចាប់ផ្តើមឆ្នាំទី១៣ នៃការកាន់អំណាចរបស់លោកនោះ បង្ហាញពីសញ្ញាផ្លាស់ប្តូរឆ្ពោះទៅរកការអះអាងផ្នែកនយោបាយ ដោយចាកចេញពីវិធីសាស្រ្តរបស់អ្នកកាន់តំណែងមុនៗ»។
ប្រធានវិទ្យាស្ថាន SAND លោក Choi Kyong-hui បានប្រាប់សារព័ត៌មាន Reuters ថា កូរ៉េខាងជើងអាចកំណត់ថ្ងៃខួបកំណើតរបស់លោក គីម ជាផ្លូវការឆាប់ៗនៅឆ្នាំក្រោយ។
សូមបញ្ជាក់ថា សន្តតិវង្សរបស់លោក គីម បានគ្រប់គ្រងប្រទេសនេះ ចាប់តាំងពីការបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ដោយពង្រឹងការក្ដោបក្ដាប់អំណាច ដោយការសាងការគោរពបូជាថ្នាក់ដឹកនាំ នៅជុំវិញពួកគេ៕