មន្ត្រីបាននិយាយថា ផ្លូវហាយវ៉េប្រវែង៣៩៦គីឡូម៉ែត្ររបស់ប្រទេសតង់ហ្សានី ដែលតភ្ជាប់ទីក្រុងកំពង់ផែ Dar es Salaam និងតំបន់ Lindi និង Mtwara ភាគខាងត្បូង ត្រូវបានបិទ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់ដ៏កំហុគ បានហូរបំផ្លាញយ៉ាងហោចណាស់ស្ពានសំខាន់ៗចំនួន៤កន្លែង។

លោក Joseph Mwasabeja មេបញ្ជាការកងកម្លាំងសង្គ្រោះនិងអគ្គិភ័យ របស់ប្រទេសតង់ហ្សានី ប្រចាំតំបន់ Lindi បាននិយាយថា ផ្លូវហាយវ៉េ ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ លោកនិយាយថា ទឹកជំនន់ដ៏គំហុគ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនត្រូពិច Hidaya មុនពេលវាបានបាត់បង់កម្លាំងទាំងស្រុងបន្ទាប់ពីវាយបក់ដល់ដីគោកនៅលើកោះ Mafia ។

ទឹកជំនន់បានហូរបំផ្លាញស្ពានឆ្លងកាត់ ចំនួន៤កន្លែង ក្នុងស្រុក Kilwa ក្នុងតំបន់ Lindi។ លោក Mohamed Nyundo អធិការស្រុក Kilwa បាននិយាយថា ទឹកជំនន់ បានធ្វើឲ្យលិចលង់លំនៅឋានជាច្រើនខ្នងនៅក្នុងភូមិចំនួនប្រាំពីរ ហើយប្រជាជនត្រូវបានជម្លៀសចេញពីទីលំនៅឋានរបស់ពួកគេ ខណៈទឹកជំនន់ ក៏បានបំផ្លាញដំណាំកសិកម្មរាប់រយហិកតា។
ព្យុះស៊ីក្លូនត្រូពិច ត្រូវបានគេព្យាករណ៍ថានឹងវាយបក់បោកតំបន់ឆ្នេរមហាសមុទ្រឥណ្ឌារបស់ប្រទេសតង់ហ្សានី ។