ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន០១លានដូស និងម្ជុលចាក់វ៉ាក់សាំង ចំនួន០១លាន ថ្មីបន្ថែមទៀត ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកតាមយន្តហោះពិសេសមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូហ្វាមនេះ ចាក់បានតែមនុស្សមានអាយុចាប់ពី១៨ឆ្នាំ រហូតដល់៥៩ឆ្នាំ តែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលលើពិភពលោក។
ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ គឺជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ។
តាមផែនការនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសសម្រាប់ចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ដែលមានចំនួនប្រមាណ ១០លាននាក់។ កម្ពុជា ក៏បានបញ្ជាទិញវ៉ាក់សាំងប្រមាណ ៥លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំផងដែរ។ ដោយឡែកកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១កាលពីម្ស៊ិលម៉ិញនេះ ព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស ព្រមទាំងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ រដ្ឋា




