អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីមានបំណាក់ដី នៅប្រទេសឥណ្ឌូនេស៊ី ភាគកណ្តាល។

ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយតំបន់ លោក Sulaiman Maila បាននិយាយថា យ៉ាងហោចណាស់ ជនរងគ្រោះ១៧នាក់ ត្រូវបានជម្លៀសចេញពីបំណាក់ដី ដែលបានវាយប្រហារនៅក្រុង Tana Toraja ខេត្ត South Sulawesi ប៉ុន្តែ២នាក់ក្នុងចំណោមពួកគេនៅរស់រានមានជីវិត ខណៈ១៥នាក់ផ្សេងទៀត បានស្លាប់។

លោកបាននិយាយបន្ថែមថា យោងតាមការរាយការណ៍ពីប្រជាជន បានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានបាត់ខ្លួន ដោយសន្មត់ថាកប់នៅក្រោមគំនរនៃបំណាក់ដី។ ក្រុង Tana Toraja និងតំបន់ជុំវិញក្រុងនេះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍កន្លងទៅនេះ។
ប្រទេសឥណ្ឌូណេស៊ី ងាយនឹងមានបំណាក់ដីអំឡុងពេលរដូវវស្សា ហើយបញ្ហាបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅៗនៅតំបន់មួយចំនួនដោយការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរ បណ្តាលឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ។
កាលពីខែមុន ទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅកោះស៊ូម៉ាត្រា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។
កាលពីខែធ្នូ បំណាក់ដី និងទឹកជំនន់ បានហូរបំផ្លាញលំនៅឋានរាប់សិបខ្នង និងបានបំផ្លាញសណ្ឋាគារមួយកន្លែងនៅជិតបឹង Toba នៅលើកោះស៊ូម៉ាត្រា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។