
ខណៈពេលដែលប្រធានាធិបតីចិនលោក Xi Jinping (ស៊ី ជីនពីង) ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសបារាំង ស្រាប់តែមានលេចឡើងនូវសេចក្ដីរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (វ្លាឌីមៀរ ពូទីន) ក៏មានគម្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនផងដែរ។ ដោយមានរយៈពេលជាង ១សប្តាហ៍បន្ទាប់ពីអាណត្តិថ្មីរបស់លោក បានចាប់ផ្តើម មេដឹកនាំរុស្ស៊ីគ្រោងនឹងជួបសមភាគីចិនក្នុងគោលបំណងពង្រឹងទំនាក់ទំនង រវាងប្រជាជាតិទាំង២។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg ដំណើរទស្សនកិច្ចនេះគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែឧសភា។ ប្រភពដែលដឹងពីគម្រោងរបស់វិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា បើទោះបីជាកាលបរិច្ឆេទ អាចនឹងប្រែប្រួលបន្តិចបន្តួច ប៉ុន្តែអ្វីដែលនៅតែច្បាស់នោះ គឺថា ចិននឹងជាដំណើរទស្សនកិច្ចអន្តរជាតិលើកដំបូងរបស់លោក ពូទីន បន្ទាប់ពីលោកបានចាប់ផ្តើមអាណត្តិថ្មីជាប្រធានាធិបតី នៅថ្ងៃទី៧ ខែឧសភា។
កាលពីខែមុន មេដឹកនាំរុស្ស៊ីផ្ទាល់បានបញ្ជាក់ថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ច នៅប្រទេសចិនក្នុងខែឧសភា ប៉ុន្តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចនោះទេ។ នៅពេលសួរអំពីរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសចិន គឺស្ថិតនៅក្នុងគម្រោង។ តែយ៉ាងណា លោកបានបញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាពិតប្រាកដនៃដំណើរទស្សនកិច្ច នឹងត្រូវបានប្រកាសនៅក្នុង «ពេលវេលាសមរម្យ»។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសក្រុងប៉េកាំងនៅមិនទាន់ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះនៅឡើយទេ។ គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ចិន នឹងកើតមានឡើងបន្ទាប់ពីលោក ស៊ី បានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់អឺរ៉ុប ក្នុងរយៈពេល ៥ឆ្នាំ។ នៅទីនោះ ប្រធានាធិបតីចិនត្រូវបានចងភ្ជាប់ទៅក្នុងកិច្ចពិភាក្សាអំពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្តមាន។ ប្រធានាធិបតីចិនបានទៅដល់បារាំង នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចដ៏កម្រមួយ ដែលធ្វើឡើងផ្ទុយនឹងទិដ្ឋភាពនៅពីក្រោយនៃជម្លោះពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយសហភាពអឺរ៉ុប (EU)។
ខណៈពេលដែលទំនាក់ទំនងពាណិជ្ជកម្មនឹង នៅតែស្ថិតនៅរឿងសំខាន់ចម្បងនៃរបៀបវារៈនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏ត្រៀមនឹងជំរុញផងដែរឲ្យលោក ស៊ី ប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕