ហែលទឹក៖ កីឡាការិនីហែលទឹកអូស្ត្រាលី Emma McKeon បានបង្កើតប្រវត្តិសាស្ត្រថ្មីនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទីក្រុងតូក្យូ ដោយក្លាយជាកីឡាការិនីហែលទឹកទី១ ដែលឈ្នះមេដាយដល់ទៅ ៧គ្រឿងក្នុងមួយព្រឹត្តិការណ៍អូឡាំពិក។

ពីរវិញ្ញាសាកាលពីថ្ងៃអាទិត្យ Emma McKeon បានប្រជែងឈ្នះមេដាយមាសទៀតនៅលើវិញ្ញាសាហែល ៥០ម៉ែត្រសេរី និងវិញ្ញាសាដែលបណ្តាក់ ១០០ម៉ែត្រ ៤នាក់។ មានន័យថា កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះមានមេដាយសរុប ៧គ្រឿងនៅអូឡាំពិកទីក្រុងតូក្យូនេះរួមមានមេដាយមាស ២គ្រឿងបានពីការប្រកួតឯកត្តជន មេដាយមាស ២គ្រឿងពីវិញ្ញាសាដែលបណ្តាក់ជាក្រុម និងមេដាយសំរឹទ្ធ ៣គ្រឿង។ មេដាយ ៧គ្រឿងនេះគឺ Emma McKeon ជាអត្តពលិកជាសស្ត្រីដំបូងដែលធ្វើបានបែបនេះ ដោយកន្លងមកធ្លាប់មានតែបុរសធ្វើបានរួមមាន កីឡាករហែលទឹកអាមេរិក Michael Phelps, Mark Spitz និង Matt Biondi។

កន្លងទៅក៏ធ្លាប់មានអត្តពលិកជាស្ត្រីធ្វើបានបែបនេះដែរ តែលើប្រភេទកីឡាផ្សេងគឺកីឡាការិនីកាយសម្ព័ន្ធអតីតសហភាពសូវៀត Maria Gorokhovskaya តាំងពីឆ្នាំ១៩៥២។ សូមបញ្ជាក់ថា មានតែអត្តពលិកម្នាក់ប៉ុណ្ណោះដែលឈ្នះមេដាយច្រើនបំផុត ក្នុងមួយព្រឹត្តិការណ៍អូឡាំពិកជាប្រវត្តិសាស្ត្រនោះគឺកីឡាករហែលទឹកអាមេរិក Michael Phelps ដែលឈ្នះមេដាយដល់ទៅ ៨គ្រឿងកាលពីអូឡាំពិកទីក្រុងអាតែនប្រទេសក្រិកឆ្នាំ២០០៤ និងធ្វើបានបែបនេះម្តងទៀតនៅអូឡាំពិកទីក្រុងប៉េកាំងប្រទេសចិនឆ្នាំ២០០៨៕
អត្ថបទ៖នាង សុភាវុធ