
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី Qantas Airways នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) បានឲ្យដឹងថា ខ្លួនបានយល់ព្រមបង់ប្រាក់ពិន័យចំនួន ១០០លានដុល្លារអូស្ត្រាលី (៦៦លានដុល្លារអាមេរិក) ដើម្បីដោះស្រាយជាមួយបណ្តឹងដែលចោទប្រកាន់ថា ខ្លួនលក់សំបុត្ររាប់ពាន់សន្លឹកដោយខុសច្បាប់ សម្រាប់ជើងហោះហើរដែលត្រូវបានលុបចោលរួចហើយ។
ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពិន័យនេះគឺត្រូវទទួលការអនុម័តយល់ព្រមពីតុលាការសហព័ន្ធនៃប្រទេសអូស្ត្រាលី។ ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រាប់ថា ជាផ្នែកមួយនៃការដោះស្រាយជាមួយគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) ក្រុមហ៊ុន Qantas នឹងចាប់ផ្តើមកម្មវិធីសងសំណងបន្ថែម ២០លានដុល្លារអូស្ត្រាលី សម្រាប់អ្នកដំណើរដែលរងផលប៉ះពាល់ដោយការលុបចោលជើងយន្តហើនេះ ដោយអតិថិជនដែលរងផលប៉ះពាល់នីមួយៗទទួលបានការទូទាត់ ចន្លោះពី ២២៥ដុល្លារអូស្ត្រាលី ទៅ ៤៥០ដុល្លារអូស្ត្រាលី។
គួរបញ្ជាក់ថា កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ Qantas ត្រូវបានប្តឹងដោយ ACCC ដែលបានចោទប្រកាន់ថា ក្នុងករណីខ្លះជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានដាក់លក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីការលុបចោល។
ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានបន្ថែមថា លំហូរសាច់ប្រាក់ពិតប្រាកដសម្រាប់សំណង និងការពិន័យ ត្រូវបានរំពឹងថា នឹងកើតឡើងក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៕