
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងការកត់សម្គាល់ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា «ខ្សែបន្ទាត់អរិភាព»នៃបណ្តាប្រទេសបាល់ទិក បាននាំឲ្យមានការផ្តាច់ទំនាក់ទំនងភាគច្រើនរបស់ពួកគេជាមួយរុស្ស៊ី។
អ្នកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា់«ដោយសារតែខ្សែបន្ទាត់អរិភាពដោយបើកចំហរបស់ទីក្រុងវីលនីញូ ( Vilnius) រីហ្គា (Riga) និង ទីក្រុងថាលីន (Tallinn) ទំនាក់ទំនងរវាងរដ្ឋ អន្តរក្រសួង ថ្នាក់តំបន់ និងវិស័យទាំងអស់ ត្រូវបានកាត់ផ្តាច់»ដោយនិយាយសំដោរដ្ឋធានីនៃប្រទេសលីទុយអានី ឡាតវី និងអេស្តូនី។
អ្នកស្រី បានបន្ថែមថា ទីក្រុងមូស្គូ នឹងបន្តប្រើប្រាស់វិធានការការទូតដែលមានឥទ្ធិពលលើប្រទេសបាល់ទិក។
អង្គការណាតូ បាននិយាយកាលពីសប្តាហ៍មុនថា អេស្តូនី បានចោទប្រកាន់រុស្ស៊ីពីបទរំលោភលើបទប្បញ្ញត្តិដែនអាកាសអន្តរជាតិ ដោយការជ្រៀតជ្រែកជាមួយសញ្ញា GPS ហើយបណ្តាប្រទេសបាល់ទិក គឺស្ថិតក្នុងចំណោមប្រទេសដែលមាន «ការព្រួយបារម្ភយ៉ាងខ្លាំង»អំពីសកម្មភាពដែលពួកគេហៅថា ចារកម្ម រុស្ស៊ី។
ដោយមិនបានបញ្ជាក់ថាតើជំហានណាដែលធ្វើឡើងដោយបណ្តាប្រទេសបាល់ទិកដែលខ្លួន កំពុងនិយាយសំដៅនោះទេ អ្នកស្រី Zakharova បានប្រាប់សារព័ត៌មាន RIA ថា ទីក្រុងមូស្គូ នឹងឆ្លើយតបទៅនឹងសកម្មភាពអរិភាពដោយប្រទេសឡាតវី លីទុយអានី និងអេស្តូនី ជាមួយនឹងវិធានការមិនស្មើភាពគ្នា។
អ្នកស្រី បាននិយាយថា៖«យើងក៏នឹងឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់រដ្ឋបាល់ទិកជាមួយនឹងវិធានការមិនស្មើភាពគ្នាជាចម្បង នៅក្នុងផ្នែកសេដ្ឋកិច្ច និងដឹកជញ្ជូន»។