
កងជីវពលប៉ាឡេស្ទីនហាម៉ាស បានថ្កោលទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ចំពោះការបិទការិយាល័យទូរទស្សន៍ Al-Jazeera ដែលមានមូលដ្ឋាននៅកាតា ក្នុងទីក្រុងហ្ស៊េរុយសាឡឹម(Jerusalem)។
ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«វាគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាន និងជាវិធានការគាបសង្កត់ និងសងសឹកប្រឆាំងនឹងតួនាទីវិជ្ជាជីវៈរបស់សារព័ត៌មាន Al Jazeera ក្នុងការលាតត្រដាងឧក្រិដ្ឋកម្ម និងការរំលោភបំពាននិងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តដោយកងទ័ពណាហ្ស៊ី និងអ្នកតាំងលំនៅភេរវកររបស់ខ្លួនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនរបស់យើង នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វេសបែង។
«ការបិទទូរទស្សន៍នេះ បានកើតឡើង ចំពេលសង្រ្គាមដែលត្រូវបានប្រកាសប្រឆាំងនឹងអ្នកសារព័ត៌មានដែលទទួលរងនូវអំពើភេរវកម្មស្ថាបនានិយមជាប្រព័ន្ធ ក្នុងគោលបំណងលាក់បាំងការពិត»។
ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅលើអ្នកសារព័ត៌មាន Al Jazeera ភាគច្រើនក្នុងចំណោមអ្នកយកព័ត៌មាន ១៤១នាក់ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម។