
គណៈកម្មាធិការសុខភាពជាតិរបស់ចិន បានឲ្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតមន្ទីរពេទ្យ នៅភាគនិរតីនៃទីក្រុង Chongqing ជុំវិញការចោទប្រកាន់របស់ខ្លួនថា មន្ទីរពេទ្យនេះជាប់ពាក់ព័ន្ធនឹងការពពោះជំនួស ដែលជាករណីខុសច្បាប់នៅក្នុងប្រទេសចិន បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីបញ្ហានេះ នៅលើបណ្ដាញសង្គម។
ហេតុការណ៍នេះកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតផ្លូវការជាបន្តបន្ទាប់ កាលពីឆ្នាំមុន ទាក់ទងនឹងការចេញសំបុត្រកំណើតក្លែងក្លាយ នៅពេលដែលប្រទេសចិនកំពុងព្យាយាមជំរុញអត្រាកំណើតរបស់ខ្លួន។ ការបង្ហោះនៅលើបណ្ដាញសង្គមចិន Weibo កាលពីថ្ងៃអាទិត្យ (ទី៥ ខែឧសភា) បានឲ្យដឹងថា មន្ទីរពេទ្យសម្ភព និងរោគស្ត្រី Angel Obstetrics & Gynaecology Hospital នៅទីក្រុង Chongqing បាន និងកំពុងសហការជាមួយភ្នាក់ងារពពោះជំនួស ដោយខុសច្បាប់។
បណ្ដាអ្នកម្តាយពពោះជំនួស នឹងប្រើប្រាស់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ដើម្បីសម្រាលនៅមន្ទីរពេទ្យ ហើយសំបុត្រកំណើតក្លែងក្លាយនឹងត្រូវបានធ្វើឡើង បន្ទាប់ពីទារកកើតមក។ នេះបើយោងតាមការបង្ហោះពីម្ចាស់គណនីឈ្មោះ Shangguan Zhengyi ដែលពណ៌នាខ្លួនឯងថា ជាអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងការជួញដូរកុមារ។
ដើម្បីឆ្លើយតបទៅនឹងការបង្ហោះនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃអាទិត្យ គណៈកម្មាធិការសុខភាពមូលដ្ឋាន ក្នុងទីក្រុង Chongqing បានឲ្យដឹងថា ក្រុមមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេត និងផ្ទៀងផ្ទាត់ភាពមិនប្រក្រតីនេះ។ តាមរយៈសេចក្ដីថ្លែងការណ៍នោះ គណៈកម្មាធិការ បានប្រាប់ថា៖ «ពេលផ្ទៀងផ្ទាត់ហើយ មន្ទីរពេទ្យនឹងត្រូវបានដោះស្រាយយ៉ាងម៉ត់ចត់ស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិ»។
មន្ទីរពេទ្យ Angel Obstetrics & Gynecology Hospital មិនឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើតាមទូរសារ ដើម្បីសុំការអត្ថាធិប្បាយ៕