ភ្នំពេញ ៖ អភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក និងតាមប្រឡាយរំដោះទឹក ដើម្បីដោះស្រាយការជនលិចភ្នំពេញនូវរដូវវស្សា។
ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង និងមានសមត្ថភាពបូមទឹកបានក្នុងមួយវិនាទីជាង៤០ម៉ែត្រគូប ហើយស្ថានីយនេះ ក៏ជាស្ថានីយបូមទឹក ដែលរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញផងដែរ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ពន្ធ័ចុះទៅពិនិត្យប្រឡាយ និងស្ថានីយ៍បូមទឹកបឹងទំពុន ប្រឡាយ និងស្ថានីយ៍បូមទឹកបឹងត្របែក ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។
ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របន្ថែមជាច្រើនគ្រឿង នឹងអាចរំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌទួលគោក សែនសុខ ពោធិសែនជ័យ និងខណ្ឌកំបូល។ ពាក់ព័ន្ធនិងគម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជធានីភ្នំពេញមានគម្រោងចំនួន៥០គម្រោង ហើយក្នុងគម្រោងនេះប្រឡាយបឹងត្របែកក៏ស្ថិតនៅក្នុងគម្រោងនេះដែរ។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងឲ្យបានការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើឲ្យទឹកមិនអាចហូរបាន។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយបូមទឹកបឹងទំពុនបានបំពាក់ម៉ូទ័របូមទឹកចំនួន១០គ្រឿង ដែលមានសមត្ថភាពបូមទឹកបាន ៣៣ម៉ែត្រគូបក្នុង១វិនាទី នឹងមានគម្រោងបំពាក់ម៉ូទ័របូមទឹកចំនួន០២គ្រឿងបន្ថែមទៀតផងដែរ។ ក្រោយបំពាក់ម៉ូទ័របូមទឹកបន្ថែម២គ្រឿងនេះរួច ស្ថានីយបូមទឹកបឹងទំពុននឹងមានសមត្ថភាពបូមទឹកបាន ៤៥ម៉ែត្រគូបក្នុង១វិនាទី។ ចំណែកនៅស្ថានីយបូមទឹកបឹងត្របែកវិញមានម៉ាស៊ីនចាប់សំរាមស្វ័យប្រវត្ត ហើយក៏មានគម្រោងពង្រីក និងដាក់លូប្រអប់លើផ្លូវ១០៥ ទំហំ៤ទៅ៦ម៉ែត្រផងដែរ។
គួរបញ្ជាក់ទៀតថា នៅភ្នំពេញមានស្ថានីយបូមទឹក ១៤កន្លែង នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង ១៤កន្លែងនេះ បានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើឲ្យរាជធានីភ្នំពេញអស់ក្តីបារម្ភ រឿងលិចយូរទៀត៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
















