
នគរបាល នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា ក្មេងជំទង់ ៤នាក់ កំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងការវាយប្រហារលើសមាជិកសភាអឺរ៉ុបរបស់អាល្លឺម៉ង់ ដែលហេតុណ៍នោះបានធ្វើឲ្យជនរងគ្រោះត្រូវវះកាត់ ខណៈពេលដែលទីក្រុងប៊ែរឡាំង បានពិភាក្សាដេញដោលគ្នាអំពីរបៀបដោះស្រាយការកើនឡើងនូវការរំលោភបំពានលើអ្នកនយោបាយ។
លោក Matthias Ecke វ័យ ៤១ឆ្នាំ ត្រូវបានទាត់ធាក់ និងវាយដំ នៅពេលដែលលោកដាក់ដំឡើងផ្ទាំងរូបភាពឃោសនា សម្រាប់គណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដែលជាគណបក្សរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីល្ងាចថ្ងៃសុក្រ នៅទីក្រុង Dresden ដែលជារដ្ឋធានីរបស់រដ្ឋ Saxony ភាគខាងកើត។
មេដឹកនាំទូទាំងប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានថ្កោលទោសចំពោះការវាយប្រហារនេះ និងការវាយប្រហារផ្សេងទៀតលើអ្នកនយោបាយដែលបានកើនឡើងទ្វេដង នៅអាល្លឺម៉ង់ ចាប់តាំងពីការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ២០១៩។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយ នៅក្នុងខែមករា។
នគរបាលបាននិយាយថា ក្មេងអាយុ ១៧ឆ្នាំម្នាក់ បានទៅកាន់ប៉ុស្តិ៍នគរបាលមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ហើយបាននិយាយថា រូបគេបានចូលរួមនៅក្នុងការវាយប្រហារនេះ។ ហើយនគរបានបន្ថែមទៀតថា បន្ទាប់មកក្រុមមន្រ្តីបានកំណត់អត្តសញ្ញាណយុវជន ៣នាក់ផ្សេងទៀត កាលពីថ្ងៃអាទិត្យ ដោយបានចូលទៅឆែកឆេរផ្ទះរបស់ពួកគេ និងប្រមូលភស្តុតាង។
តាមរយៈសេចក្ដីថ្លៃងការណ៍ នគរបាលបានបញ្ជាក់បន្ថែមថា អ្នកទាំង ៤រូបនោះ ជាជនជាតិអាល្លឺម៉ង់ ដែលមានអាយុពី ១៧ឆ្នាំ ទៅ ១៨ឆ្នាំ។ តែយ៉ាងក្ដី សេចក្តីថ្លែងការណ៍នោះមិនបានចូលទៅដល់សេចក្តីលម្អិតអំពីហេតុផលជំរុញចិត្តដែលអាចមាន ឬប្រាប់ឲ្យដឹងថា តើក្មេងទាំងនោះកំពុងត្រូវបានឃុំខ្លួន ឬយ៉ាងណា៕