
ក្រុមប្រដាប់អាវុធជនជាតិភាគតិចរបស់សហភាពមីយ៉ាន់ម៉ា នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា ខ្លួនបានកាន់កាប់ទីបញ្ជាការយោធាមួយ និងចាប់ខ្លួនបុគ្គលិកយោធារាប់រយនាក់ នៅក្នុងរដ្ឋ Rakhine ភាគខាងលិច ដែលនេះជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចុងក្រោយបង្អស់ ចំពោះរបបយោធានៃប្រទេសនេះ។
ការប្រយុទ្ធគ្នាបានធ្វើឲ្យរដ្ឋ Rakhine ច្របូកច្របល់ បន្ទាប់ពីកងទ័ព Arakan (AA) បានវាយប្រហារកងកម្លាំងសន្តិសុខក្នុងខែវិច្ឆិកា ដោយបានបញ្ចប់បទឈប់បាញ់ដែលបានធ្វើឡើងពីភាគីជាច្រើន ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១ របស់របបយោធា។ ពួកយោធានៅតែកាន់កាប់រដ្ឋធានី Sittwe របស់រដ្ឋនេះ ប៉ុន្តែក្រុមយុទ្ធជន AA បានវាយយកដែនដី នៅតំបន់ជុំវិញ ក្នុងនោះរួមទាំងមូលដ្ឋាន នៅតាមព្រំដែនជាមួយប្រទេសឥណ្ឌា និងបង់ក្លាដែសផងដែរ។
វីដេអូមួយដែលត្រូវបានចេញផ្សាយដោយបណ្តាញសារព័ត៌មានរបស់ AA បានឲ្យដឹងថា ក្រុមនេះបានដណ្ដើមយក «ទីបញ្ជាការប្រតិបត្តិការយោធាលេខ១៥» នៅជិតទីក្រុង Buthidaung ដោយមានចម្ងាយប្រហែល ៩០គីឡូម៉ែត្រនៅភាគខាងជើងទីក្រុង Sittwe។
តែយ៉ាងណាក្ដី វីដេអូនេះមិនបានឲ្យដឹងថា តើពេលណាដែលយុទ្ធជនរបស់កងកម្លាំងនេះ បានដណ្ដើមយកទីតាំងនោះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការប៉ះទង្គិចគ្នាជាទៀងទាត់ នៅជុំវិញទីក្រុង Buthidaung ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។
សារដែលត្រូវបានផ្សព្វផ្សាយចេញជាភាសាភូមា ចិន និងអង់គ្លេស បានរៀបរាប់ថា៖ «ខ្សែអាត់វីដេអូរបស់មេបញ្ជាការរងនៃកងពលធំលេខ១៥ ក្រោយពីមានការឡោមព័ទ្ធមួយរយៈ»។ សារនោះបានឲ្យដឹងបន្ថែមថា បន្ទាប់ពីមាន «ការវាយលុកចុងក្រោយ» កងទ័ពយោធា «បានប្រឈមនឹងការបរាជ័យទាំងស្រុង ហើយបានចុះចាញ់»៕