
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃចន្ទ (ទី៦ ខែឧសភា) នេះ បាននិយាយថា គណៈកម្មការសហភាពអឺរ៉ុប (EU) នឹងបញ្ចប់នីតិវិធីនីតិរដ្ឋរយៈពេល ៦ឆ្នាំប្រឆាំងនឹងប្រទេសប៉ូឡូញ ដែលការសម្រេចនេះ បានបើកទំព័រថ្មី សម្រាប់ប្រទេសនេះ។
ដំណើរការនេះត្រូវបានចាប់ផ្តើមនៅពេលដែលប្រទេសនេះត្រូវបានគ្រប់គ្រងដោយគណបក្សប្រជានិយម PiS ដែលជាក្រុមស្ដាំជ្រុលនិយម។ លោក Donald Tusk ដែលជាអ្នកសេរីនិយមគាំទ្រ EU បានក្លាយជានាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន ដោយបានធ្វើឲ្យប៉ូឡូញមាននិន្នាការគាំទ្រ EU កាន់តែច្រើនឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ EU បានឲ្យដឹងថា ប្រទេសប៉ូឡូញបានដាក់ចេញនូវវិធានការនីតិប្បញ្ញត្តិ និងមិនមែននីតិប្បញ្ញត្តិជាបន្តបន្ទាប់ ដើម្បីដោះស្រាយកង្វល់អំពីឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌។ ហើយលោកស្រី Von der Leyen បានលើកឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ថ្ងៃនេះ បើកនូវទំព័រថ្មី សម្រាប់ប្រទេសប៉ូឡូញ»។
EU បានសង្កត់ធ្ងន់ថា ប្រទេសប៉ូឡូញបានទទួលស្គាល់គោលការណ៍សំខាន់នៃច្បាប់របស់ EU ហើយបានប្តេជ្ញាអនុវត្តតាមការសម្រេចរបស់តុលាការយុត្តិធម៌របស់សហភាពអឺរ៉ុប និងតុលាការសិទ្ធិមនុស្សអឺរ៉ុប៕
គួរបញ្ជាក់ថា គណបក្សច្បាប់ និងយុត្តិធម៌របស់ប៉ូឡូញ (PiS) ដែលបានកាន់អំណាចរយៈពេល ៨ឆ្នាំ បានអនុវត្តការសើរើប្រព័ន្ធតុលាការយ៉ាងស៊ីជម្រៅ ដែល EU បាននិយាយថា ធ្វើឲ្យប៉ះពាល់ដល់ការត្រួតពិនិត្យ និងតុល្យភាពលទ្ធិប្រជាធិបតេយ្យ ហើយនាំឲ្យតុលាការស្ថិតនៅក្រោមឥទ្ធិពលនយោបាយ។ បន្ទាប់ពីឡើងកាន់តំណែង លោក Tusk បានប្តេជ្ញាស្តារឯករាជ្យភាពតុលាការឡើងវិញ៕