ក្រុមហាម៉ាសកាលពីថ្ងៃចន្ទទី ៦ ឧសភា បាននិយាយថា ខ្លួនបានទទួលយកសំណើសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល៧ខែនៅដែនដីហ្កាហ្សា ខណៈអ៊ីស្រាអែលបានបន្តបញ្ជាឱ្យពលរដ្ឋប៉ាឡេស្ទីននៅទីក្រុង រ៉ាហ្វា ជម្លៀសចេញ មុនពេលការឈ្លានពានដែលខ្លួនបានគំរាមជាយូរមកហើយ។ អ៊ីស្រាអែល និយាយថាខ្លួន ចាប់ផ្តើមប្រតិបត្តិការសឹកលើទីក្រុងរ៉ាហ្វា បន្ទាប់ពីក្រុមហាម៉ាសឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់។

សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាស។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា យន្តហោះរបស់ខ្លួនបានដាក់គោលដៅជាង៥០កន្លែងលើគោលដៅនានានៅក្នុងតំបន់រ៉ាហ្វា កាលពីថ្ងៃចន្ទ។ចំណែកប្រភពពីប្រទេសអេហ្ស៊ីប វិញនិយាយថាអ៊ីស្រាអែលគ្រាន់តែវាយប្រហារបណ្ដោះអាសន្នប៉ុណ្ណោះ។

ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សំណើនេះ នៅឆ្ងាយពីការទាមទារសំខាន់ៗរបស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលនឹងបញ្ជូនក្រុមអ្នកចរចាសម្រាប់កិច្ចពិភាក្សា ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។
សមាជិកក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា (Khalil al-Hayya) បានប្រាប់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតាថា សំណើដែលក្រុមហាម៉ាស បានយល់ព្រម រួមមានបទឈប់បាញ់បីដំណាក់កាល។

លោកបាននិយាយថា បទឈប់បាញ់នេះ រួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ការវិលត្រឡប់របស់ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនដោយសង្រ្គាម និងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ក្នុងបំណងឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍៕