គេបានមើលឃើញ និងលឺសំឡេងហ៊ោកញ្ជ្រៀវរបស់ហ្វូងមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាអបអរសាទរ ក្នុងទីក្រុងរ៉ាហ្វា ដែនដីហ្កាហ្សា កាលពីល្ងាចថ្ងៃចន្ទ ៦ឧសភា បន្ទាប់ពីក្រុមហាម៉ាស បាននិយាយថាខ្លួនបានទទួលយកសំណើបទឈប់បាញ់ពីក្រុមអ្នកសម្របសម្រួល។

ប៉ុន្តែអ៊ីស្រាអែល បានបដិសេធចំពោះលទ្ធភាពនៃបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ហើយបាននិយាយថាប្រតិបត្តិការយោធានឹងបន្ត។ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រមុខរបស់ខ្លួនគឺលោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បានជូនដំណឹងដល់ប្រទេសកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបថាក្រុមរបស់ខ្លួន បានទទួលយកសំណើរបស់ពួកគេសម្រាប់បទឈប់បាញ់។

មេដឹកនាំរងក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា បានប្រាប់ទូរទស្សន៍ Al Jazeera ថា ខ្លួន បានព្រមព្រៀង៣ដំណាក់កាល ដោយដំណាក់កាលនិមួយៗ បន្តរយៈពេល៤២ថ្ងៃ ហើយដំណាក់កាលពីទី២កំណត់ឲ្យអ៊ីស្រាអែលដកកងទ័ពចេញទាំងស្រុងពីដែនដីហ្កាហ្សា។

មន្ត្រីអ៊ីស្រាអែល បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សំណើដែលក្រុមហាម៉ាសបានទទួលយកគឺជាការនិយាយបន្លាចការលើកឡើងរបស់អេហ្ស៊ីប និងរួមបញ្ចូលចំណុចដែលអ៊ីស្រាអែលមិនអាចទទួលយកបាន។
យោធាអ៊ីស្រាអែលបាននិយាយថា សំណើទាំងអស់ដែលនឹងដោះលែងចំណាប់ខ្មាំងកំពុងត្រូវបានឃុំខ្លួននៅហ្កាហ្សា នឹងត្រូវបានពិចារណា ខណៈពេលនេះប្រតិបត្តិការរបស់ខ្លួនកំពុងបន្តស្របគ្នា។
ការប្រកាសរបស់ក្រុមហាម៉ាស បានកើតឡើងខណៈកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុង រ៉ាហ្វា នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងបានបញ្ជាឱ្យប្រជាជនចាកចេញពីផ្នែកខ្លះនៃទីក្រុងនេះ ដែលបានបម្រើជាជម្រកចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលរត់ភៀសខ្លួនជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ៕