ទួរគី៖ ប្រជាពលរដ្ឋនៅទីក្រុង Mugla និងតំបន់ជុំវិញជាច្រើនទៀតបានភៀសខ្លួនចេញពីភូមិរបស់ពួកគេកាលពីថ្ងៃអាទិត្យ ស្របពេលដែលភ្លើងឆេះព្រៃបានបន្តឆាបឆេះអស់រយៈពេល ៥ថ្ងៃ និងការរកឃើញសាកសពបន្ថែមទៀត បណ្តាលឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨នាក់។

រួមទាំងអ្នកទេសចរ និងអ្នកភូមិ Cokertme បានរត់គេចពីគ្រោះថ្នាក់តាមទូក និងរថយន្ត ខណៈពេលអណ្តាតភ្លើងឆេះរាលដាលកាន់តែកៀកទីក្រុងឆ្នេរសមុទ្រមួយនេះ។ នៅក្នុងវីដេអូមួយ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តជាច្រើនគ្រឿងកំពុងប្រញាប់ប្រញាល់គេចចេញពីភ្លើងដែលនៅអមសងខាង។ អភិបាលក្រុង Bodrum លោក Ahmet Aras បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ប្រជាពលរដ្ឋបានជួបប្រទះហេតុការណ៍ដ៏អាក្រក់បំផុតនៅជិតភូមិ Cokertme និងភូមិ Mazi នៅពេលពួកគេបើករថយន្តចេញពីភ្លើង។
សារព័ត៌មានទួរគីបាននិយាយថា តំបន់នេះត្រូវភ្លើងឆេះកាលពីយប់ថ្ងៃអាទិត្យ។ សារព័ត៌មាននានាបាននិយាយថា ពួកគេបានប្រញាប់ចាកចេញទៅកាន់កន្លែងមានសុវត្ថិភាព ខណៈដែលភ្លើងបានឆាបឆេះកាន់តែលឿនដោយសារខ្យល់ខ្លាំង៕
អត្ថបទ៖ សុខមាន