ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ឧសភា ២០២៤ បានអញ្ជើញជាអធិបតី “ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ”។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅមុនវិបត្តិកូវីដសកល កម្ពុជាជាប្រទេសដែល មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំងក្នុងតំបន់ និងសកលលោក ដោយកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិត ក្នុងរង្វង់ ៧ ភាគរយ។ ក្រោយវិបត្តិកូវីដសកលធូរស្រាល កំណើនសេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើង វិញយ៉ាងឆាប់រហ័ស។ កំណើនសេដ្ឋកិច្ចកម្ពុជា ភាគច្រើនទ្រទ្រង់ដោយវិស័យពាណិជ្ជកម្ម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក្នុងថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋា ភិបាល។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធឱ្យទទួលបាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយៈការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា លើសពីនេះ តាមរយៈការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធដែលជួយឱ្យ ចំណេញពេល កាត់បន្ថយការចំណាយ ដោយមិនចាំបាច់រត់ការបំពេញបែបបទពីស្ថាប័នមួយទៅស្ថាប័ នមួយទៀត។ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធដែលតម្រូវឱ្យដាក់ការស្នើសុំតែម្ដង ក្នុងពេលតែមួយ នឹងបានទៅដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការនាំចេញ-នាំចូលចំនួន ២១ ស្ថាប័នតែម្ដង។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្ដល់ធាតុចូលបន្ថែមលើការប្រើប្រាស់ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ ដើម្បីឱ្យការប្រើប្រាស់រឹតតែមានប្រសិទ្ធភាព តាមរយៈគោលការណ៍ជួយគិត ជួយទទួលខុសត្រូវ។